សម្តេចតេជោ ទទួលស្វាគមន៍ដោយនិស្សិតដែលកំពុងសិក្សានៅប្រទេសហុងគ្រី និងពលរដ្ឋខ្មែរ
សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្ដៅបំផុតដោយកូនក្មួយនិស្សិតដែលកំពុងសិក្សានៅប្រទេសហុងគ្រី និងពលរដ្ឋខ្មែរដែលរស់នៅទីនេះ ។
នៅថ្ងៃទី ១៣ មិថុនា នេះ ក្រោយពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅ គឺមានកូនក្មួយជានិស្សិត និងបងប្អូនខ្មែរដែលបានមករស់នៅក្នុងប្រទេសហុងគ្រីចាប់តាំងពីឆ្នាំ ១៩៨២ មក បានមកទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តីយ៉ាងរាក់ទាក់ និងកក់ក្តៅបំផុត។ កូនក្មួយនិស្សិតបានបង្ហាញនូវក្តីរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដែលសម្តេចតេជោបានផ្តល់ឱកាសអោយបងប្អូនកូនក្មួយបានជួបសំណេះសំណាលនិងសួរសុខទុក្ខ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់កូនក្មួយទាំងអស់ដែលមានឱកាសបានមកសិក្សានៅទីនេះ គឺត្រូវតែយកចិត្តទុកដាក់សិក្សារៀនសូត្រ ហើយគោរពច្បាប់ប្រទេសគេអោយបានល្អ។
តាមពិតទៅ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញមកទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចសិក្សា ព្រមទាំងចូលរួមមហាសន្និបាតបក្ស និងអមដំណើរសម្តេចពញ្ញាចក្រី ហេង សំរិន នៅប្រទេសនេះ៨ដងមកហើយ គិតចាប់ពីឆ្នាំ ១៩៧៩ -១៩៨៤ ដែលនៅពេលនោះ សម្តេចតេជោ ជារដ្ឋមន្រ្តីការបរទេស។ នេះជាលើកទី៩ ហើយក៏ជាលើកទី១ ផងដែរ ដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជា។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី ចាប់ពីថ្ងៃទី១៣ ដល់១៤ ខែមិថុនា ឆ្នាំ ២០១៩។
នៅម៉ោងប្រមាណជា ១:៥០នាទីរសៀល ថ្ងៃទី ១៣ មិថុនា (ម៉ោងនៅហុងគ្រី) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មកដល់ប្រទេសហុងគ្រីប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេះ និងអញ្ជើញទៅចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ នៅទីក្រុងឌូស្ហាន់បេ ប្រទេសតាគីជីស្ថាន។
វត្តមាននៃការអញ្ជើញមកដល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺមានការទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតដោយកងកិត្តិយសនៃប្រទេសហុងគ្រីនៅជាប់នឹងជណ្តើរជើងយន្តហោះ និងពីសំណាក់មន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៃប្រទេសហុងគ្រី ព្រមទាំងពីសំណាក់មន្រ្តីនៃអគ្គរាជទូតកម្ពុជា ជាច្រើនរូបផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំហុងគ្រី និងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីហុងគ្រីលើបញ្ហាជាច្រើនសំដៅលើកកម្ពស់ និងពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើវេទិកាពហុភាគីផ្សេងៗទៀត។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារចំនួនពីរ គឺកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកម្មវិធីផ្លាស់ប្តូរវិស័យអប់រំ នឹងត្រូវចុះហត្ថលេខាក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីហុងគ្រី លោក វីកត័រ អ័របាន។
ក្រោយពីបញ្ចប់ទស្សនកិច្ចនៅហុងគ្រីនាថ្ងៃទី១៤ ខែមិថុនា ហើយនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងអញ្ជើញទៅកាន់ប្រទេសតាជីគីស្ថាន ដើម្បីចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅទីក្រុងឌូស្ហាន់បេ។ នៅក្នុងសន្នសីទកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយដោយផ្តោតលើបញ្ហាគន្លឹះជាច្រើន ដែលជាការប្រឈមរួមរបស់តំបន់អាស៊ី និងចែករំលែកទស្សនៈស៊ីជម្រៅថា «អាស៊ីនឹងរួមគ្នាដោះស្រាយបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងនយោបាយ តាមរយៈការពង្រឹងជំនឿទំនុកចិត្ត និងទំនាក់ទំនងក្នុងចំណោមប្រទេសជាសមាជិក CICA»។
ក្រៅពីកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយប្រធានាធិបតីតាជីគីស្ថាន និងប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសមួយចំនួនផ្សេងទៀតផងដែរ៕