លោក អូស្មាន ហាស្សាន់ ទទទួលជួប ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី ប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារក្នុងក្រមខណ្ឌបន្ដកិច្ចសហប្រតិបត្ដិការកម្ពុជា-ម៉ាឡេស៊ីឲ្យកាន់តែល្អប្រសើរឡើង
ភ្នំពេញ៖ លោកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ELDEEN HUSSAINI BIN MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង ដើម្បីបន្ដកិច្ចសហប្រតិបត្ដិការរឹតចំណងសាមគ្គីភាព លើក្របខណ្ឌវិនិយោគ អភិវឌ្ឍន៏សហគមន៏រវាងប្រទេស កម្ពុជា-ម៉ាឡេស៊ីឲ្យកាន់តែល្អប្រសើរឡើង ។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃសុក្រ១២កើត ខែជេស្ឋ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នកំពុងរស់នៅប្រកបដោយ សុខដុមបនីយកម្ម គ្រប់ជាតិសាសន៍ និងសាសនានៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និយាយដោយឡែក សម្រាប់វិស័យឥស្លាម ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា គិតគូរប្រកប ដោយការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ។ ក្នុងឱកាសនោះដែរលោក អូស្មាន ហាស្សាន់ ក៏បានអគុណដល់រាជរដ្ឋាភិបាល សិង្ហបុរី ដែលជានិច្ចកាលតែងតែបានចូលរួមក្នុងវិស័យមនុស្សធម៌នៅកម្ពុជា ក៏ដូចជាការផ្តល់អាហាររូបករណ៍រៀង រាល់ឆ្នាំជាច្រើនកន្លែងដល់និស្សិតខ្មែរឥស្លាម ដើម្បីបានបន្តការសិក្សានៅប្រទេស សិង្ហបុរី ហើយលោកក៏ស្នើឲ្យបន្តកិច្ច សហការផ្តល់ជំនួយមនុស្សធម៌នេះអោយកាន់តែច្រើនថែមទៀតផងដែរ។
លោកELDEEN HUSSAINI BIN MOHD HAHA SHIM បានបញ្ជាក់ថា៖ ក្នុងនាមប្រទេសជើងចាស់ដែលមានបទពិសោធន៍ និងធនធានគ្រប់គ្រាន់ លើក្របខណ្ឌ ហាឡាល់ ការវិនិយោគទុន ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វប្បធម៏និងទេសចរណ៏ ម៉ាឡេស៊ីសូមបន្ត ធ្វើជាដៃគូសហការ និងជ្រោមជ្រែងដល់ភាគីកម្ពុជា លើលក្ខខណ្ឌបច្ចេកទេស ក៏ដូចជាការចូលរួមផ្សព្វផ្សាយពីឱកាសវិនិយោគឧស្សាហកម្មនៅកម្ពុជា ដែលជាប្រទេសដែលមានលក្ខណៈអំណោយផលខ្ពស់ទាំងធនធានធម្មជាតិ វត្ថុធាតុដើម និងកម្លាំងពលកម្មគ្រប់គ្រាន់ ហើយជា ពិសេសកម្ពុជា កំពុងតែមានសេដ្ឋកិច្ចរីកចម្រើនទៅមុខ ដែលមានកំណើនសេដ្ឋកិច្ចជាង៧ភាគរយប្រចាំឆ្នាំ។
សូមបញ្ចាក់ថា៖ លោក ELDEEN HUSSAINI BIN MOHD HAHASHIM ត្រូវបានព្រះករុណាព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហ ឫទ័យប្រោសព្រះរាជទាន អនុញ្ញាតឲ្យចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យព្រះបរមរាជវាំង កាលពីថ្ងៃទី០១ខែឧសភា ឆ្នាំ២០១៩ ៕ ដោយ៖ សារីទ្ធី









