ដំណើរការថ្ងៃទី១ នៃការប្រឡងបាក់ឌុប បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងបានខិតខំប្រឹងប្រែងធ្វើកិច្ចការទៅតាមសមត្ថភាពរបស់ខ្លួនរៀងៗខ្លួន
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី១ ដំណើរការបានល្អ និងដោយរលូន ហើយមិនមានបាតុភាពមិនប្រក្រតីធំដុំកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយសារបេក្ខជនគោរពតាមបទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញ មន្ដ្រីអប់រំគ្រប់លំដាប់ថ្នាក់អនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមកម្រងភារកិច្ច និងសេចក្ដីណែនាំបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា និងដោយមានកិច្ចសហការយ៉ាងជិតសិ្នទ្ធ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រសួងស្ថាប័នពាក់ព័ន្ធ មន្ដ្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា។ អាកាសធាតុនាថ្ងៃទី១នេះ មានភាពអំណោយផលល្អដល់បេក្ខជន និងដល់ដំណើរការរៀបចំការប្រឡងផងដែរ។
នៅតាមមណ្ឌលប្រឡងនីមួយៗ មានភាពស្ងប់ស្ងាត់ របៀបរៀបរយ និងសណ្ដាប់ធ្នាប់ល្អ។ ដំណើរការសំណេរនៅតាមមណ្ឌលនីមួយៗប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ ដោយសារមានការបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌលប្រឡង គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្ស។
នៅថ្ងៃទី១នេះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្របានប្រឡងមុខវិជ្ជាប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា និងភាសាបរទេស ចំណែកឯបេក្ខជនថ្នាក់វិទ្យាសាស្ដ្រសង្គម បានប្រឡងមុខវិជ្ជា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និងភាសាបរទេស។
ជារួម បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងបានខិតខំប្រឹងប្រែងធ្វើកិច្ចការទៅតាមសមត្ថភាពរបស់ខ្លួនរៀងៗខ្លួន ដោយមិនយកសំណៅឯកសារ ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ ។ ទន្ទឹមនឹងនេះ នៅថ្ងៃទី១នេះមានបេក្ខជនតែ ១រូបប៉ុណ្ណោះដែលបានយកសំណៅឯកសារចូលបន្ទប់ប្រឡង និងមានបេក្ខជនមួយរូបទៀត បានយកទូរសព្ទដៃចូលក្នុងបន្ទប់ប្រឡង។ ដូច្នេះក្រសួងនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនទាំងពីររូបនេះដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
នៅថ្ងៃទី១នេះបេក្ខជនប្រឡងសរុបមានចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០៤២៧ នាក់ និងបេក្ខជនអវត្តមានសរុបចំនួន ១៧៤៥នាក់ (១.៤៩%) ស្រី ៦៧៨ នាក់។ បេក្ខជនមានបញ្ហាសុខភាពមានចំនួន ៤៣ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម។ មានតែបេក្ខជន ១រូបប៉ុណ្ណោះដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរដែលមិនអាចបន្តការប្រឡងបាន ៕
















































