ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តសៀមរាប បដិសេធចំពោះការអន្តរាគមន៍ករណីប្អូនស្រី ជា ចាន់ស្រីនាង ដែលមកប្រឡងយឺតម៉ោង

105

សៀមរាប៖ ករណីបេ​ក្ខ​នារី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ម្នាក់​ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​១០​មក​រា​ ខេត្តសៀមរាប​ ត្រូវ​បាន​សន្តិសុខ​ហាមឃាត់​ និង​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​មណ្ឌល​ប្រឡង​ ដោយមកយឺតម៉ោងនោះ ត្រូវបានលោកទៀ សីហា បញ្ជាក់ ថា លោក គ្មាន សិទ្ធិ ក្នុង ការ សម្រេច លើ ករណី នេះ ឡើយ ហើយ មាន តែ ប្រធាន មណ្ឌល និង រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និង កីឡា ដែល ទទួល បន្ទុក ផ្ទាល់ នៅ មណ្ឌល សៀមរាប នេះ ដែល មាន សិទ្ធិ សម្រេច ថា សិស្ស រូប ណា អាច ចូល បាន ឬ ចូល ប្រឡង មិន បាន ។

សូមបញ្ជាក់ថា នៅព្រឹក​ថ្ងៃ​ទី​១៩​នេះ​ មាន​បេ​ក្ខ​នារី​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ម្នាក់​ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​១០​មក​រា​ ខេត្តសៀមរាប​ ត្រូវ​បាន​សន្តិសុខ​ហាមឃាត់​ និង​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​មណ្ឌល​ប្រលង​ឡើយ​ (​ធ្លាក់​ស្វ័យប្រវត្តិ​) ក្រោម​មូលហេតុ​មក​យឺត​ម៉ោង​ប្រឡង​ដែល​បាន​កំណត់ (បាន​មក​ដល់​មណ្ឌល​ប្រឡង​នៅ​ម៉ោង​ ០៨ និង០០​នាទី​)​។

រដ្ឋបាលខេត្តសៀមរាប សូមច្រានចោលជុំវិញការលើកឡើងថា “មានការសម្របសម្រួលបេក្ខនារី ម្នាក់មកយឺតបានចូលប្រឡង” ហើយតាមពិតគាត់មកយឺត និងមិនត្រូវបានអនុញ្ញាតអោយចូលប្រឡងឡើយ។

កាលពីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ មានព័ត៌មានបណ្តាញសង្គមលើកឡើងជុំវិញការមិនអនុញ្ញាតឲ្យបេក្ខនារីម្នាក់ ចូលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ នៅមណ្ឌលប្រឡងវិទ្យាល័យ ១០ មករា ១៩៧៩ (ខាងជើង) ជាសិស្សមកពី វិទ្យាល័យអង្គរ ក្នុងក្រុងសៀមរាប។ បន្ទាប់ពីមានការផ្សព្វផ្សាយនេះមក ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានយល់ច្រឡំថាគាត់បានចូលប្រឡងវិញហើយក្រោមការសម្របសម្រួលរបស់លោកអភិបាលខេត្ត។

ជុំវិញការផ្សព្វផ្សាយថាមានករណីសម្របសម្រួលនេះ រដ្ឋបាលខេត្ត សូមច្រានចោលការលើកឡើងនេះ ដោយហេតុថា ជាក់ស្តែងបេក្ខនារីរូបនេះ មិនបានចូលប្រឡងឡើយ ហើយក៏ជាសិទ្ធិសម្រេចរបស់គណៈកម្មការគ្រប់គ្រងមណ្ឌលប្រឡង។

រដ្ឋបាលខេត្ត សូមចូលរួមសោកស្តាយជាពន់ពេកចំពោះការអវត្តមានរបស់បេក្ខនារីរូបនេះ ជាសិស្សទទួលបាននិទ្ទេសន៍ល្អបង្គួរ ប្រចាំឆ្នាំផងដែរ ។

ទោះយ៉ាងណា នៅលើបណ្តាញសង្គមហ្វេសប៊ុក លោកទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថា “ចំពោះករណីប្អូនស្រី ជា ចាន់ស្រីនាង ដែលមានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ព្រឹកមិញនេះ ក្នុងនាមអាជ្ញាធរខេត្ត មិនមានសិទ្ធិក្នុងការសម្រេចដូចសារព័ត៌មានបង្ហោះនោះទេ គឺប្រធានមណ្ឌល និងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបន្ទុកផ្ទាល់នៅមណ្ឌលសៀមរាបនេះ ដែលមានសិទ្ធិសម្រេចថាសិស្សរូបណាអាចចូលបាន ឬចូលប្រឡងមិនបាន ដោយយោងទៅតាមច្បាប់ និងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា”។

លោកបានបន្ថែមថា “ក្នុងន័យនេះដែរ ខ្ញុំសុំសំណូមពរអ្នកសារព័ត៌មានមួយចំនួនសូមរក្សានូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក្នុងការបង្ហោះនូវរូបភាព ខ្លឹមសារ និងព័ត៌មានរបស់ខ្លួន “៕

អត្ថបទដែលជាប់ទាក់ទង