បើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី និងប្រពន្ធលូ ចងដៃហើយផ្ដល់នំបញ្ចុកអាហារសាមគ្គី, ជាមួយប្រជាពលរដ្ឋក្នុងសង្កាត់ជើងឯកថែមទៀត
ភ្នំពេញ៖អាជ្ញាធរខណ្ឌដង្កោបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ១ខ្សែ និងដាក់ប្រព័ន្ធលូរំដោះទឹក១ខ្សែចងដៃប្រជាពលរដ្ឋហើយផ្ដល់នំបញ្ចុកអាហារសាមគ្គីមួយពេលជាមួយ ក្នុងសង្កាត់ជើងឯកថែមទៀតកាលពីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដឹកនាំដោយលោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ បានធ្វើក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ១ខ្សែ និងដាក់ប្រព័ន្ធលូរំដោះទឹក ១ខ្សែ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។
មន្ត្រីសាធារណការខណ្ឌដង្កោបានឱ្យដឹងថា៖ផ្លូវបេតុង និងប្រព័ន្ធលូ ដែលត្រូវបើកការដ្ឋានស្ថាបនាក្នុងឱកាសនេះរួមមាន៖១. ផ្លូវបេតុង ០១ខ្សែ ប្រវែង ៣៨០ម៉ែត្រ ទទឹង ០៥ម៉ែត្រ ស្ថិតក្នុងភូមិជើងឯក។ទី២. ប្រព័ន្ធលូរំដោះទឹក ០១ខ្សែ ប្រវែង ៧៦១ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ស្ថិតក្នុងភូមិរលួស។
ក្នុងឱកាសនោះលោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានលើកឡើងពីការខិតខំប្រឹប្រែងអភិវឌ្ឍន៍ហេដឋារចនាសម្ព័ន្ធក្នុងខណ្ឌដង្កោកន្លងមកមានការកសាងផ្លូវបេតុង ប្រលូ ប្រឡាយរំដោះទឹកជូនប្រជាពលរដ្ឋតាមភូមិសង្កាត់នានាជាបន្តបន្ទាប់ដើម្បីមានការអភិវឌ្ឍរីកចម្រើនក្នុងភូមិសាស្ត្រខណ្ឌដង្កោបន្តទៀត។
នៅព្រឹកថ្ងៃដដែលនោះដែរបន្ទាប់ពីបញ្ចប់ពិធីបើកការដ្ឋានរួចមក លោកអភិបាលខណ្ឌ ក៏បានរៀបចំពិធីពិសារនំបញ្ចុកសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ជើងឯក ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធិស្នាលយ៉ាងក្រៃលែង៕







