ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រឡងបាក់ឌុប ដំណើរការបានល្អ និងដោយរលូន ហើយមិនមានបាតុភាពមិនប្រក្រតីធំដុំកើតឡើងគួរឱ្យកត់សម្គាល់ឡើយ

93


ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ដំណើរការបានល្អ និងដោយរលូន ហើយមិនមានបាតុភាពមិនប្រក្រតីធំដុំកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយសារបេក្ខជនគោរពតាមបទប្បញ្ញត្តិ នៃការប្រឡងយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់។ នេះបើតាមតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២០ សីហា ២០១៩។

មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ប្រមាណ២ម៉ឺននាក់ និងគរុសិស្ស-និស្សិតជាជំនួយការអប្បមាទជិត ២ ៥០០ នាក់ អនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមកម្រងភារកិច្ច និងសេចក្ដីណែនាំបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរដែនដី អង្គភាពប្រឆាំងអំពើពុករលួយ យុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាជាង ២ ០០០ នាក់ កងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ និងប្រជាការពារប្រមាណ ១០ ០០០ នាក់ មន្ត្រីសុខាភិបាលប្រចាំមណ្ឌលប្រឡងនិងមូលដ្ឋានសុខាភិបាល និងអ្នកពាក់ព័ន្ធទាំងឡាយ។ ទោះបីអាកាសធាតុនៅតាមបណ្ដាខេត្តមួយចំនួនក្ដៅខ្លាំង និងមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ បេក្ខជនប្រព្រឹត្តកំហុសឆ្គងមានចំនួន ០២ ករណី ក្នុងនោះករណីដកហូតទូរស័ព្ទមាន ០១ ករណី និងនាំសំណៅឯកសារចូលមាន ០១ ករណី។ ដោយឡែកបេក្ខជនមានបញ្ហាសុខភាពមានចំនួន ១៥២ ករណី បន្ទាប់ពីទទួលបានការសង្គ្រោះបឋម អាចបន្តការប្រឡងទៀតបាន លើកលែង ១១ ករណី ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ពុំអាចត្រឡប់មកបន្តការប្រឡងបាន។
តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការតែមួយគត់របស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង១៩ សីហា ២០១៩ ត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ។

ដំណើរ​ការ​សំណេរ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​សម័យ​ប្រឡង​ ៖ ១៩ សីហា ២០១៩ ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ និង​មិន​មាន​ហេតុ​ការ​ខុស​ប្រក្រតី​កើត​មាន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ ។

សន្លឹក​កិច្ចការ​របស់​បេក្ខជន​នៅ​តាម​មណ្ឌល​ប្រឡង ត្រូវ​បាន​វេចខ្ចប់ និង​ចុះហត្ថលេខា ដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ ប្រធាន-អនុប្រធានមណ្ឌល ព្រមទាំងបានយកទៅផ្ញើនៅកន្លែងដែលមានសុវត្ថិភាពបំផុតនៅសាលាខេត្ត។

ចំណែក​បេក្ខជន​ដែល​បាន​ចេញ​ពី​ការ​ប្រឡង​មាន​ទឹក​មុខ​ស្រស់ស្រាយ សប្បាយ​រីករាយ ដែល​បញ្ជាក់​ថា​ដំណើរ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ពិត​ជា​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន៕

អត្ថបទដែលជាប់ទាក់ទង