ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករ-កម្មការិនីទទួលបាន ការបន្តជិះ រថយន្តក្រុងនិងនិងកាណូតសាធារណៈមិនគិតកម្រៃសេវា២ឆ្នាំទៀតជាមួយនិងការដឹកជញ្ជូនទៅស្រុកកំណើតដោយមិនគិតកម្រៃដែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

61

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យបងប្អូនកម្មករកម្មការិនីប្រើប្រាស់សេវារថយន្តក្រុង(City Bus) និងកាណូតសាធារណៈ(Taxi Boat) ដោយមិនគិតកម្រៃសេវាបន្តរយៈពេល០២ឆ្នាំទៀត។ជាមួយគ្នានេះដែរប្រជាពលរដ្ឋជាមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធកម្មករកម្មការិនីសិស្សនិស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រសារប្រកបដោយសេចក្តីសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះក៏សម្រេចអោយរថយន្តក្រុងដឹកបងប្អូនទៅស្រុកកំណើតដោយមិនគិតប្រាក់ផងដែរ

   នេះបើយោងតាមសេចក្តីជូនដំណឹងចំនួន២របស់រដ្ឋបាលរាជធានីភ្នំពេញដែលសារព័ត៌មានយើងទទួលបាននៅរសៀលថ្ងៃទី៣១សីហានេះដែលក្នុង

សេចក្តីជូនដំណឹងនេះមានន័យដើមទាំងស្រុងថា៖រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនកម្មករកម្មការិនីទាំងអស់ឱ្យបានជ្រាបថាកន្លងមកសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យបងប្អូនកម្មករកម្មការិនីប្រើប្រាស់សេវារថយន្តក្រុង(City Bus) និងកាណូត

សាធារណៈ(Taxi Boat) ដោយមិនគិតកម្រៃសេវារយៈពេល០២ឆ្នាំចាប់ពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៧ហើយនឹងត្រូវផុតកំណត់នៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៩។ប៉ុន្តែដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃក៏ដូចជាជួយសម្រួលដល់ការចំណាយក្នុងការធ្វើដំណើររបស់បងប្អូនកម្មករកម្មការិនីនោះសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីបានអនុញ្ញាតជាគោលការណ៍ឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តមិនយកកម្រៃសេវាចំពោះបងប្អូនកម្មករកម្មការិនីទាំងអស់ដែលធ្វើដំណើរតាមរថយន្តក្រុងនិងកាណូតសាធារណៈរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus)រាជធានីភ្នំពេញរយៈពេល០២ឆ្នាំបន្តទៀតដោយគិតចាប់ពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៩ដល់ថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១ដោយគ្រាន់តែបង្ហាញកាតធ្វើការងារទៅភ្នាក់ងារបម្រើសេវារបស់រដ្ឋាករនឹងទទួលបានសេវានេះភ្លាម។

    អាស្រ័យហេតុនេះសូមបងប្អូនកម្មករកម្មការិនីទាំងមេត្តាជ្រាបនិងចូលរួមធ្វើដំណើរតាមរថយន្តក្រុងនិងកាណូតសាធារណៈរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ

ប្រកបដោយសុវត្ថិភាពនិងផាសុកភាព។

   ចំពោះសេចក្តីជូនដំណឹងមួយទៀតមានន័យដើមថាអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថាដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធកម្មករកម្មការិនីសិស្សនិស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រសារប្រកបដោយសេចក្តីសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន១២០គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល០៥ថ្ងៃចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៥និងចេញដំណើរចាប់ពីម៉ោង០៥.៣០នាទីព្រឹករៀងរាល់ថ្ងៃដោយមិនគិតកម្រៃសេវា។ទន្ទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញក៏នឹងអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញប្រើប្រាស់សេវារថយន្តក្រុង(City Bus) និងតាមកាណូតសាធារណៈ(Taxi Boat) ដោយមិនគិតកម្រៃសេវារយៈពេល០៥ថ្ងៃចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៥ផងដែរ។

  ឆ្លៀតក្នុងឱកាសនេះរដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុននិងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែលដោយពុំតម្លើងថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

     អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបនិងចូលរួមធ្វើដំណើរតាមរថយន្តក្រុង(City Bus) និងតាមកាណូតសាធារណៈ(Taxi Boat) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញប្រកបដោយសុវត្ថិភាពនិងផាសុកភាព៕

 

អត្ថបទដែលជាប់ទាក់ទង