ជនសង្ស័យ៤នាក់ ទៅតុលាការខេត្តព្រះវិហារ ពីបទរក្សាទុកជួញដូរនិងប្រើប្រាស់គ្រឿងញៀន
ព្រះវិហារ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ក្រុងព្រះវិហារ បានបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ ទៅកាន់អយ្យការសាលាដំបូងខេត្តព្រះវិហារ ពីបទរក្សាទុកជួញដូរនិងប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ ប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ចុះធ្វើការឃាត់ខ្លួន ហើយបញ្ជូនបន្តទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ស្តីពីករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
នេះបើយោងតាមសេចក្តីរាយការណ៍ ដែលទទួលបានពីសមត្ថកិច្ចជំនាញនគរបាល នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ២០១៩នេះ។
សេចក្តីរាយការណ៍បានបញ្ជាក់បន្តថា ចំពោះហេតុការណ៍ចុះបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀននេះ កម្លាំងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ព្រមទាំងថ្នាំញៀនក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីន(lCE)ចំនួន១៤កញ្ចប់តូច ទម្ងន់៦,៣២ក្រាម និងក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីន(WY)ចំនួន៤គ្រាប់ ទម្ងន់០,៣៥ក្រាម ទូរស័ព្ទដៃចំនួន១៣គ្រឿង រថយន្តចំនួន១គ្រឿង លុយខ្មែរចំនួន១៣.៣៣១.០០០រៀល រួមនឹង សម្ភារៈប្រើប្រាស់វេចខ្ចប់មួយចំនួន៕