ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាក់ទងទៅនឹងបញ្ហាEBA នេះហុងគ្រីនឹងបន្តគាំទ្រដល់កម្ពុជាជាបន្តទៀត

47

នៅរសៀលថ្ងៃទី១៥ខែតុលាឆ្នាំ២០១៩នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមជេណូសអាឌឺ(Janos ADER) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រីដែលធ្វេីឡេីងនៅវិមានប្រធានាធិបតី​ Sándor Palace

ក្នុងជំនួបនេះឯកឧត្តមប្រធានាធិបតីហុងគ្រីបានមានប្រសាសន៍ថាឯកឧត្តមពិតជាអរគុណចំពោះការអញ្ជើញឯកឧត្តមពីព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអញ្ជើញឯកឧត្តមទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាហើយឯកឧត្តមពិតជារីករាយក្នុងការទទួលនៅការអញ្ជើញនោះ។ឯកឧត្តមបានមានប្រសាសន៍ថាឯកឧត្តមនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជានៅក្នុងចុងខែតុលាខាងមុខនេះ។ឯកឧត្តមក៏បានមានប្រសាសន៍ថាឯកឧត្តមបានស្ដាប់ដោយយកចិត្តទុកដាក់នូវសង្កថារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីព្រឹកមិញនៃកិច្ចប្រជុំកំពូលស្ដីពីទឹកដែលធ្វើឡើងនៅប្រទេសហុងគ្រីនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណចំពោះឯកឧត្តមប្រធានាធិបតីហុងគ្រីនិងអរគុណដល់រដ្ឋាភិបាលហុងគ្រីដែលបានអញ្ជើញសម្ដេចមកចូលរួមនៅក្នុងកិច្ចប្រជុំស្ដីអំពីបញ្ហាទឹកនៅប្រទេសហុងគ្រីនាពេលនេះ។ក្នុងជំនួបនោះផងដែរសម្តេចតេជោក៏បានពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីហុងគ្រីទាក់ទងទៅនឹងបញ្ហានៃការគ្រប់គ្រងទឹកផងដែរដែលជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងកាលពីព្រឹកមិញនេះ។សម្ដេចតេជោក៏បានគូសបញ្ជាក់ថាដោយសារតែបញ្ហាទឹកនេះគឺជាបញ្ហាសំខាន់មួយរបស់ប្រទេសកម្ពុជាហើយកាលពីពេលថ្មីៗកន្លងទៅនេះកម្ពុជាក៏បានបាត់បង់នូវអគ្គិសនីប្រើប្រាស់ដោយសារតែបញ្ហានៃការខ្វះទឹកនេះផងដែរជាពិសេសវារីអគ្គិសនីដែលយើងមិនមានទឹកគ្រប់គ្រាន់ក្នុងការបញ្ចេញនូវថាមពលអគ្គិសនី។

សម្ដេចតេជោក៏បានមានប្រសាសន៍ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការជាមួយនឹងហុងគ្រីផងដែរជាពិសេសនៅក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីហុងគ្រីទៅកាន់ប្រទេសកម្ពុជានាពេលខាងមុខហើយសម្ដេចបានមានប្រសាសន៍បញ្ជាក់ថានៅពេលនោះឯកឧត្តមនឹងបានឃើញជាក់ស្ដែងនូវស្ថានភាពរបស់ប្រទេសកម្ពុជាដូចជាបានទៅទស្សនានូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាគឺប្រាសាទអង្គរវត្ត។

នៅក្នុងជំនួបនេះសម្ដេចតេជោក៏បានលើកឡើងអំពីចំណុចពាក់ព័ន្ធទៅនឹងរឿងEBA ផងដែរដោយសម្ដេចបានស្នើឱ្យឯកឧត្តមប្រធានាធិបតីបន្តគាំទ្រដល់កម្ពុជាជាមួយនឹងសហភាពអឺរ៉ុបហើយអ្វីដែលដែលកម្ពុជាចង់បាននោះគឺចង់ឲ្យសហភាពអឺរ៉ុបមានដំណើរការនិងប្រព្រឹត្តទៅដោយយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា។ក្នុងចំណុចនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ពីចំណុចសំខាន់នៃការកសាងភាពជាដៃគូយុទ្ធសាស្ត្ររវាងសហភាពអឺរ៉ុបនិងអាស៊ានផងដែរ។សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសហុងគ្រីដែលបច្ចុប្បន្ននេះគឺមានចំនួន៣៨នាក់ដែលពួកគេបាននិងកំពុងបន្តនិងខ្លះបញ្ចប់ការសិក្សា។

ឯកឧត្តមប្រធានាធិបតីហុងគ្រីបានមានប្រសាសន៍ថាហុងគ្រីគឺជាមិត្តមួយរបស់ប្រទេសកម្ពុជា។ឯកឧត្តមបានបន្តទៀតថារដ្ឋាភិបាលហុងគ្រីនៅតែបន្តគាំទ្រដល់កម្ពុជាជាពិសេសការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីហើយជាពិសេសទាក់ទងទៅនឹងបញ្ហាEBA នេះហុងគ្រីនឹងបន្តគាំទ្រដល់កម្ពុជាជាបន្តទៀត។ហើយទាក់ទងទៅនឹងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជានោះឯកឧត្ដមប្រធានាធិបតីហុងគ្រីនឹងបន្តស្វាគមន៍ដល់និស្សិតកម្ពុជាជាបន្តទៀតដើម្បីមកសិក្សានៅប្រទេសហុងគ្រីជាបន្តបន្ទាប់ទៀតបន្ទាប់ទៀត។

ទាក់ទងទៅនឹងកិច្ចប្រជុំស្ដីអំពីបញ្ហាទឹកឯកឧត្តមប្រធានាធិបតីហុងគ្រីពិតជាអរគុណជាអនេកចំពោះសម្ដេចតេជោហ៊ុនសែនដែលបានចែករំលែកនូវបទពិសោធន៍ដូចជាស្ថានភាពជាក់ស្ដែងរបស់កម្ពុជាហើយឯកឧត្តមសង្ឃឹមថានៅពេលដែលឯកឧត្តមអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជាឯកឧត្តមនឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការជជែកពិភាក្សាជាមួយសម្ដេចតេជោក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង