ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិបត្តិការតាមស្វែងរក នារីជនជាតិអង់គ្លេសម្នាកដែលបាត់ខ្លួនស្ថិតនៅកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង

93

ព្រះសីហនុ ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីថ្នាក់ដឹកនំាតាមមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកោះរ៉ុង សង្កាត់ទាំងពីរ ជាមួយក្រុមជនបរទេស ម្ចាស់ទូកដឹកភ្ញៀវទេសចរ និងប្រជាជនក្នុងតំបន់ក៏បានចូលរួមសហការស្វែងរកផងដែរ។
ចំពោះមុខនេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយកំលាំងគ្រប់ផ្នែកតាមរកនៅតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ ឆ្នេរថ្ម នៅតាមកន្លែងស្នាក់នៅនានានៅលើកោះរ៉ុង និងកន្លែងដែលនារីនោះបានទៅលេងរួមទាំងក្រុមមុជទឹក(diving)ផង ធ្វើយ៉ាងណារកអោយអស់លទ្ធភាព។
សូមបញ្ជាក់ថា នារីដែលបាត់ខ្លួន មានឈ្មោះ BAMBRIDGE AMELIA LOUISE ភេទស្រី កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣
បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង៥:០០ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង៦:០០ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨:១៥នាទីយប់ ថ្ងៃខែឆ្នាំដដែលក្នុងគោលបំណងទេសចរណ៍។ មុនបាត់ខ្លួន
គេបានប្រទះឃើញនារីនោះលើកចុងក្រោយនៅម៉ោង៣:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង(Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង។ ក្នុងសមត្ថកិច្ចមូលដ្ឋានបានរកឃើញកាបូប និងសម្ភារៈមួយចំនួនរបស់នាងនៅលើផ្ទាំងថ្មជាប់ឆ្នេរក្បែរកន្លែងធ្វើពិធីជប់លៀងនោះផងដែរ។
ករណីនេះ អាជ្ញាធរក្រុងកោះរ៉ុង បានព្យាយាមស្វែងរកនារីរងគ្រោះក្រោយទទួលដំណឹងភ្លាមៗពីការបាត់ខ្លួននេះ។
គិតត្រឹមរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះកំលាំងកំពុងបន្តរុករកបន្ថែមទៀត។
លោកអភិបាលខេត្ត បានថ្លែងថា នៅថ្ងៃនេះ ខ្ញុំបានដឹកនាំកម្លាំងគណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីចុះរុករកនារីជនជាតិអង់គ្លេសម្នាក់ មានឈ្មោះ Amelia Bambridge ដែលបានបាត់ខ្លួនកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅលើកោះរ៉ុងកន្លងមក ។ កម្លាំងចុះប្រតិបត្តិការរុករកនៅថ្ងៃនេះ បែងចែកជា ០៣ មុខព្រួញ : ទី១ កម្លាំងរុករកក្នុងទឹក (Diving), ទី២ កម្លាំងរុករកតាមព្រៃភ្នំ បរិវេណជុំវិញកោះ និងតាមបន្ទប់ស្នាក់នៅ និង ទី៣ ប្រើប្រាស់កម្លាំងជំនាញព្រហ្មទណ្ឌធ្វើការស៊ើបអង្កេតស្វែងរក៕

អត្ថបទដែលជាប់ទាក់ទង