ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ឆ្លើយតបទៅនឹងក្តីបារម្ភក៏ដូចជាសំណូមពររបស់អ្នកស្រីRhona Smith និងអង្គទូតមួយចំនួននៅកម្ពុជា

66

ភ្នំពេញ៖ ឆ្លើយតបទៅនឹងក្តីបារម្ភក៏ដូចជាសំណូមពររបស់អ្នកស្រីRhona Smith និងអង្គទូតមួយចំនួននៅកម្ពុជាលើករណីសំណុំរឿងលោកកឹមសុខាលោកជិនម៉ាលីនអ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃទី១២វិច្ឆិកាបានសរសេរសារនៅហ្វេសប៊ុកផ្លូវការថាសូមធ្វើការបញ្ជាក់អំពីទិដ្ឋភាពច្បាប់ជាតិនិងអន្តរជាតិពាក់ព័ន្ធករណីស្ថានភាពលោកកឹមសុខាបច្ចុប្បន្ននេះ។

លោកជិនម៉ាលីនបានលើកឡើងពីទិដ្ឋភាពចំនួនចំណុចដូចខាងក្រោម៖

ទី១. ការបង្ហាញនូវក្តីបារម្ភក៏ដូចជាសំណូមពររបស់អ្នកស្រីRhona Smith និងអង្គទូតមួយចំនួននៅកម្ពុជាគឺជាសិទ្ធិសេរីភាពក្នុងការសំដែងមតិនិងការយល់ឃើញផ្ទាល់ខ្លួនរបស់ពួកគាត់តែអ្វីៗត្រូវអនុលោមតាមបញ្ញត្តិច្បាប់ជាតិរបស់កម្ពុជាដែលមានជាធរមានជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យដែលត្រូវបានហាមប្រាមដោយច្បាប់អន្តរជាតិរួមមានធម្មនុញ្ញអង្គការសហប្រជាជាតិនិងបញ្ញត្តិច្បាប់អន្តរជាតិផ្សេងៗទៀតស្តីពីទំនាក់ទំនងការទូតនិងនីតិវិធីពិសេសរបស់អង្គការសហប្រជាជាតិ។

ទី២. ផ្អែកលើបញ្ញត្តិច្បាប់ជាតិរបស់កម្ពុជាដែលមានជាធរមានស្ថានភាពលោកកឹមសុខាបច្ចុប្បន្ននេះមិនដូចស្ថានភាពរបស់ពលរដ្ឋនិងអ្នកនយោបាយទូទៅនោះទេព្រោះគាត់កំពុងជាប់ពិរុទ្ធនិងបទចោទនិងស្ថិតក្នុងដំណាក់កាលនីតិវិធីនៃការស៊ើបសួររបស់តុលាការហើយត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដែលក្នុងដំណាក់កាលនេះច្បាប់អនុញ្ញាតឱ្យតុលាការអាចធ្វើការកម្រឹតនូវសិទ្ធិសេរីភាពមួយចំនួនរួមទាំងសិទ្ធិនយោបាយផងដែរដើម្បីជាប្រយោជន៍នៃការស៊ើបសួរ។

ទី៣. ក្នុងដំណាក់កាលនីតិវិធីនៃការស៊ើបសួរនិងរបបនៃការដាក់ឱ្យនៅក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះច្បាប់មិនបានកំណត់អំពីរយៈពេលអតិបរិមាឡើយពោលគឺអាស្រ័យលើចៅក្រមស៊ើបសួរជាអ្នកកំណត់ដោយផ្អែលលើលទ្ធផលនៃការស៊ើបអង្កេត។

ទី៤. ផ្អែកលើបញ្ញត្តិនីតិវិធីច្បាប់ជាតិរបស់កម្ពុជាដែលមានជាធរមានការសម្រេចទម្លាក់ចោលបទចោទឬមិនទម្លាក់ជាសិទ្ធិរបស់តុលាការដែលជាស្ថាប័នឯករាជ្យហើយត្រូវធ្វើឡើងដោយផ្អែកលើមូលដ្ឋានច្បាប់និងលទ្ធផលនៃការស៊ើបអង្កេតដោយមិនត្រូវទទួលរងសម្ពាធនិងការបង្គាប់បញ្ជារបស់ភាគីណាមួយឡើយរួមទាំងស្ថាប័នអន្តរជាតិនិងអង្គទូតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង