ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ចិននឹងបន្តលើកកម្ពស់វិសាលភាព នៃកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ 

73

 

ភ្នំពេញ៖នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអះអាងថា នឹងបន្តលើកកម្ពស់វិសាលភាព នៃកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ឱ្យឈានដល់កម្រិតកាន់តែខ្ពស់ថែមទៀត ដើម្បីផ្តល់នូវផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ នៃប្រទេសយើងទាំងពីរ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នេះ ក្នុងឱកាសជួបពិភក្សាការងារជាមួយលោក ឧត្តមសេនីយ៍ទោ ជៀង ហុងជុន អគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ច កងទ័ពរំដោះប្រជាជនចិន ដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីតម្លៃនៃសន្តិភាព ដែលកើតមានឡើង ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយរហូតមកដល់បច្ចុប្បន្ននេះ កំពុងតែផ្តល់នូវភាពអនុគ្រោះ ដល់ការកសាង និងអភិវឌ្ឍន៍ និងហុចផ្លែផ្កាយ៉ាងពិតប្រាកដ ដល់ប្រយោជន៍ ជូនដល់ពលរដ្ឋកម្ពុជា នៅទូទាំងផ្ទៃប្រទេស។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានមានប្រសាសន៍រំលឹកដល់ខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយដែលថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ តែងតែខិតខំប្រឹងប្រែង រក្សាចំណងមិត្តភាព និងពុះពារឧបសគ្គជាច្រើន ដើម្បីដឹកនាំប្រទេស និងប្រជាពលរដ្ឋឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពសុខដុមរមនា។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណ ដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រ និងផ្ដល់ជំនួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ដែលជំនួយទាំងអស់នេះបានពង្រឹងនូវ តួនាទីនយោបាយ ក៏ដូចជាការរក្សានូវឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា។

ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ទោ ជៀង ហុងជុន បានបញ្ជាក់ថា កម្ពុជា និងចិន គឺជាប្រទេសជិតខាងល្អ ដែលចាំបាច់ត្រូវមានការជួយឧបត្ថម្ភគ្នា ការបង្កើនចំណងមិត្តភាពរឹងមាំ ដែលនោះហើយគឺជាដែកថែបពិតប្រាកដ។ លោកឧត្តមសេនីយ៍ទោ ជៀង ហុងជុន បានបន្តទៀតថា បច្ចុប្បន្ននេះចិនបាន មើលឃើញនូវទំនាក់ទំនងរវាងចិន និងកម្ពុជា គឺមានលក្ខណៈល្អបំផុត នៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ ហើយចិន នឹងបន្តរក្សានូវចំណងនេះ តាមរយៈកិច្ចសហប្រតិបត្តិការ ទៅលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច ក៏ដូចរវាងប្រជាជន និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង