នគរបាលស្រុកសេសាន ឃាត់ខ្លួនបុរសម្នាក់ កាប់ប្រពន្ធរបួសធ្ងន់
ស្ទឹងត្រែង ៖ បុរសចំណាស់ម្នាក់បានប្រើហិង្សាលើប្រពន្ធ ដោយយកពូថៅកាប់ចំក្បាលប្រពន្ធ២ពូថៅ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបាននគរបាលស្រុកសេសាន ឃាត់ខ្លួន និងដកហូតវត្ថុតាងពូថៅដៃ១ ។
ហេតុការណ៍នេះបានកើតឡើងនៅភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កើតហេតុនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២០និង១៥នាទី ។
សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ឈ្មោះ នូ កន អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកើតហេតុខាងលើ បានប្រើហិង្សាដោយយកពូថៅកាប់ទៅលើប្រពន្ធឈ្មោះ ណែ កែវ ចំនួនពីរពូថៅចំកន្លែងក្បាលបណ្ដាលឲ្យរងរបួស ។
បច្ចុប្បន្ន ជនដៃដល់ត្រូវបានកម្លាំងអធិការនគរបាលស្រុកសេសាន កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធីតាមច្បាប់ ៕