រាជរដ្ឋាភិបាលកំពុងសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) និងMonorail ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍
ភ្នំពេញ៖លោករដ្ឋមន្រ្តីក្រសួងសាធារណការបានថ្លែងប្រាប់លោកស្រីឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាថារាជរដ្ឋាភិបាលកំពុងសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) និងMonorail ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
នៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូនលោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលបានទទួលជួបសម្ដែងការគួរសមពីសំណាក់លោកស្រីTina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាដោយមានការអមដំណើរពីលោកStewart Clayton ទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។
ជំនួបនេះបានផ្តោតជាសំខាន់លើគម្រោងនានាដែលក្រសួងកំពុងអនុវត្តបន្តនិងនាពេលកន្លងមកជាពិសសផ្ដោតលើការស្វែងយល់អំពីតួនាទីនិងកិច្ចសហប្រតិបត្តិការដែលចក្រភពអង់គ្លេសអាចជួយជ្រោមជ្រែងកម្ពុជាលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
លោកស្រីឯកអគ្គរាជទូតបានស្នើសុំការគាំទ្រក៏ដូចជាអនុសាសន៍ពីលោកទេសរដ្ឋមន្ត្រីលើគម្រោងរៀបចំសិក្ខាសាលាដើម្បីអភិវឌ្ឍន៍ធនធានមនុស្សដែលមានការចូលរួមពីវាគ្មិននិងអ្នកឯកទេសសំខាន់ៗពីចក្រអង់គ្លេស។
លោកទេសរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីផែនការនិងគម្រោងកំពុងដំណើរការបន្តពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវជាតិរបស់កម្ពុជាការពង្រីកកំពង់ផែសមុទ្រទឹកជ្រៅនៅក្រុងព្រះសីហនុគម្រោងសាងសង់ផ្លូវល្បឿនលឿនតាមគោលការណ៍សាងសង់–ប្រតិបត្តិ–ផ្ទេរ(BOT) និងការដាក់ឱ្យដំណើរផ្លូវរថភ្លើងប៉ែកខាងជើងភ្នំពេញ–ប៉ោយប៉ែតដែលបានផ្អាកដំណើរអស់រយៈពេលប្រមាណ៤៥កន្លងមកដោយសារសង្គ្រាមដើម្បីតភ្ជាប់ផ្លូវដែកកម្ពុជាជាមួយប្រទេសជិតខាង។
លើសពីនេះទៀតលោកទេសរដ្ឋមន្ត្រីបានលើកឡើងអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានប្រកបជោគជ័យដើម្បីគ្រប់គ្រងការចុះបញ្ជីយានយន្តការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ការប្តូរនិងពន្យាបណ្ណបើកបរទ្រឹស្តីនៃការបើកបរលើទូរសព្ទស្មាតហ្វូនដែលអាចជួយកាត់បន្ថយចំណាយក្រៅផ្លូវការរបស់បងប្អូនប្រជាពលរដ្ឋនិងកម្មវិធីថែទាំផ្លូវ(ROAD CARE Mobile App) ដែលអាចឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍អំពីជង្ហុកសំបុកមាន់និងផ្លូវខូចដើម្បីក្រុមការងារក្រសួងអាចចុះជួសជួលបានទាន់ពេលវេលាបង្ការកុំឱ្យខូចរីករាលដាលកាន់តែធំ។
លោកទេសរដ្ឋមន្ត្រីបានក៏ជម្រាបជូនភ្ញៀវផងដែរថា៖រាជរដ្ឋាភិបាលកំពុងសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) និងMonorail ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន៕