បំបែកសំណុំរឿង ប្លន់សម្លាប់នៅស្រុកព្រែកប្រសព្វ ចាប់ខ្លួនជនដៃដល់ ក្រោយបង្កហេតុបាន១ថ្ងៃ
ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបំបែកសំណុំរឿង ប្លន់សម្លាប់នៅស្រុកព្រែកប្រសព្វ ចាប់ខ្លួនជនដៃដល់ ក្រោយបង្កហេតុបាន១ថ្ងៃ។ ជនដៃដល់ដែលបានធ្វើសកម្មភាពវាយសម្លាប់ស្រ្តីរងគ្រោះ បណ្តាលឲ្យស្លាប់នៅក្នុងព្រៃខាងក្រោយភូមិរការធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ និងបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៣ ខែធ្នូ ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកព្រែកប្រសព្វ ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ចាន់ សុផល្លា អធិការនគរបាលស្រុក ក្រោមបញ្ជាណែនាំពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ចុះធ្វើការបំបែកសំណុំរឿងមួយករណីនេះ និងឈានដល់ការចាប់ខ្លួនជនដៃដល់ក្រោយបើកការស៊ើបអង្កេតមានរយៈពេលជាច្រើនម៉ោង។
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ជនដៃដល់ឈ្មោះ យ៉ង ណាក់ អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិ ឃុំជាមួយស្រ្តីរងគ្រោះ និងបានធ្វើសកម្មភាពវាយសម្លាប់ទៅលើស្រ្តីរងគ្រោះឈ្មោះ ឈុំ ណៃស៊ីម អាយុ៣៩ឆ្នាំ បណ្តាលឲ្យស្លាប់ រួចប្លន់យកសម្ភារៈមានតម្លៃពីស្រ្តីរងគ្រោះមាន ដូចជាលុយ៦០ម៉ឺនរៀល ព្រមទាំងក្រវិលប្លាទីន១គូរទម្ងន់៥ហ៊ុន។
អធិការនគរបាលស្រុកព្រែកប្រសព្វ លោកវរសេនីយ៍ឯក ចាន់ សុផល្លា បានឲ្យដឹងថា បន្ទាប់ពីធ្វើសកម្មភាពរួច ជនជាមុខសញ្ញារូបនេះ បានគេចខ្លួន។ តែក្រោយពីការចុះស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ នគរបាលឈានដល់ការកំណត់មុខសញ្ញា និងស្រាវជ្រាវចាប់ខ្លួនជននេះបាននៅរសៀលថ្ងៃដដែល។
សូមបញ្ជាក់ថា សាកសពស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងព្រៃចម្ងាយជាងមួយរយមែត្រពីភូមិរការធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ និងបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៣ ខែធ្នូ បន្ទាប់ពីចេញបាត់ពីផ្ទះរយៈពេលពេលមួយថ្ងៃមួយយប់។
ករណីនេះត្រូវបាននគរជំនាញព្រហ្មទណ្ឌកំណត់ជាជំហានដំបូងថា ជាអំពើឃាតកម្ម។
អធិការនគរបាលស្រុកព្រែកប្រសព្វលោកវរសេនីយ៍ឯក ចាន់ សុផល្លា បានឲ្យដឹងថា សាកសពរបស់ស្រ្តីរងគ្រោះឈ្មោះ ឈុំ ណៃសីម អាយុ៣៩ឆ្នាំ សព្វថ្ងៃរស់នៅចំនុចកើតហេតុខាងលើ និងមានកូនស្រីម្នាក់រស់នៅក្នុងបន្ទុក។
សាកសពរបស់ស្រ្តីរងគ្រោះមានស្នាមដាច់រយះលើផ្ទៃមុខ និងនៅលើដងខ្លួនដែលកំណត់ថា បានរងការវាយសម្លាប់ពីជនមិនស្គាល់មុខ៕
