ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តក្រចេះ ដោះស្រាយទំនាស់អាជីវករក្នុងផ្សារអូឬស្សី 

94

ក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ បានឲ្យដឹងថា អាជ្ញាធរខេត្តក្រចេះ ដោះស្រាយទំនាស់អាជីវករក្នុងផ្សារអូឬស្សី សម្រេចបាន១០០%ដើម្បីលើកកម្ពស់សោភ័ណភាព សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានល្អ និងបង្ក លក្ខណៈងាយស្រួលដល់ការគ្រប់គ្រងផ្សារអូឬស្សី ដែលមានទីតាំងក្នុងសង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

កាលពីថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារអនុគណៈកម្មការត្រួតពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យា ការដាក់វិនិយោគទុន និងម៉ៅការភាស៊ីគ្រប់ប្រភេទ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដឹកនាំដោយលោក ទុយ ប៊ុនសរីរត័្នមុនី អភិបាលរងខេត្ត ចុះអនុវត្តន៍នូវសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តលេខ ០៩២/១៩ សជណ ចុះថ្ងៃអង្គារ៍ ៧ កើត ខែ មិគសិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ដោយតម្រូវឲ្យពួកគាត់ជាម្ចាស់តូប ត្រូវធ្វើការរុះរើតូបចាស់ចេញ រួមនិងសម្ភារៈចេញជាបណ្តោះអាសន្ន ដែលលក់នៅលើចំណីផ្លូវ ក្នុងរយៈពេល១០ថ្ងៃ ជាក់ស្តែងពេលនេះឃើញថា ៖ ពួកគាត់បានចូលរួមទទួលយក តាមការដោះស្រាយពីអាជ្ញាធរខេត្តដើម្បី បញ្ចប់ទំនាស់ និងដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានល្អ និងបង្កលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងផ្សារអូឬស្សី ។

តាមការបញ្ជាក់ពីលោកអភិបាលរងខេត្ត ៖ ក្រោយពីការដឹកនាំប្រជុំអស់រយៈពេលប្រហែលជា ៣ម៉ោងមក ឃើញថាបងប្អូនទាំងអស់ មានការចូលរួមជាមួយ នឹងការដោះស្រាយរបស់អាជ្ញាធរ គឺបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ដើម្បីជាការរួមចំណែកពន្លឿនការកសាង និង អភិវឌ្ឍន៍របស់ខេត្ត ឲ្យទទួលបាននូវគោលនយោបាយ ឈ្នះ ឈ្នះ ក្រោមការដឹកនាំរបស់សម្ដេច និងការចង្អុលបង្ហាញរបស់ឯកឧត្តមអភិបាលខេត្ត ។

លោកបន្តថា ៖ ចំពោះគោលការណ៍អនុវត្តនៅចំពោះមុខនេះ យើងនឹងធ្វើការពិចារណាបន្ថែម ក្នុងគោលការណ៍លោកអភិបាលខេត្ត ថាតើយើងត្រូវប្រើវិធានការបែបណា ដើម្បីចៀសវាងនូវផលប៉ះពាល់ទាំងឡាយណា ដែលធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិបងប្អូន និងបញ្ជៀសឲ្យកាន់តែតូច បញ្ជៀសឲ្យកាន់តែតិច ឲ្យចំណេញទាំងសងខាងទទួលបាននូវការយល់ព្រមទាំងអស់គ្នា ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏អាជ្ញាធរនៅតែប្រកាន់ខ្ជាប់នូវផ្លូវច្បាប់ជានិច្ច ដែលគោលការណ៍ និងជាបន្ទាត់សម្រាប់ការអភិវឌ្ឍន៍ ៕

អត្ថបទដែលជាប់ទាក់ទង