អគ្គនាយកដ្ឋានពន្ធនាគារផ្សព្វផ្សាយ ផែនការសកម្មភាព សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០១៩-២០២៣) ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ។
ថ្លែងក្នុងឱកាសនោះ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ គីមសេង បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ របស់អង្គភាពនានា ក្រោមចំណុះអគ្គនាយកដ្ឋានពន្ធនាគារទាំងអស់ ដែលបានចូលរួមថែរក្សា ការពារនូវស្ថិរភាព សន្តិភាពសង្គម បានយ៉ាងល្អប្រសើរក្នុងពេលកន្លងមក។ ឯកឧត្តម បានបន្តថា ផែនការសកម្មភាពយុទ្ធសាស្រ្ត ៥ឆ្នាំ (២០១៩-២០២៣)នេះ គឺបានកសាងចេញពីការកំណត់នូវផែនការសម្មភាពយ៉ាងលម្អិត ដែលបានប្រមូលចងក្រងឯកសារពាក់ព័ន្ធ និងធាតុចូលនានា ដើម្បីបង្រួមធ្វើជាការសិក្សាស្រាវជ្រាវ ដកចេញយកនូវចំណុចសំខាន់ៗនានា ដើម្បីកសាងផែនការសកម្មភាពនេះ។ ទន្ទឹមនេះ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានណែនាំ និងជំរុញឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ បន្តធ្វើសកម្មភាពរបស់ខ្លួនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យសម្រេចបាននូវការអនុវត្តផែនការសកម្មភាពយុទ្ធសាស្រ្ត ៥ឆ្នាំ (២០១៩-២០២៣)នេះប្រកបដោយជោគជ័យ។
ក្នុងឱកាសនោះដែរ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ សន កែវ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក៏បានធ្វើបទបង្ហាញអំពីដំណើរការនៃការចងក្រងកសាង ផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០១៩-២០២៣)។ ឯកឧត្តម បានមានប្រសាសន៍ថា ក្រុមការងារបានរៀបចំផែនការសកម្មភាពរួម របស់អគ្គនាយកដ្ឋានពន្ធនាគារនេះ គឺបានធ្វើការប្រជុំជាច្រើនលើកច្រើនសារ ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា និងសម្រេចបានខ្លឹមសារផែនការសកម្មភាពរយៈពេល ៥ឆ្នាំ(២០១៩-២០២៣) ដែលឈានដល់ការកំណត់បានទិសដៅយុទ្ធសាស្រ្តចំនួន ៥រួមមាន៖ ១.គ្រប់គ្រងពន្ធនាគារតាមបទដ្ឋានដែលបានធានាឱ្យមានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌។ ២.អភិវឌ្ឍជំនាញវិជ្ជាជីវៈសេវាអប់រំកែប្រែ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជាវៈ និងសមាហរណកម្ម។ ៣. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ។ ៤.ជំរុញអនុវត្តក្របខ័ណ្ឌគោលនយោបាយកំណែទម្រង់ពន្ធនាគារ។ ៥.ពង្រឹងការងារដឹកនាំគ្រប់គ្រង អភិវឌ្ឍធនធានមនុស្ស របៀបរបបការងារ និងលើកកម្ពស់ប្រសិទ្ធផលការងារ៕

