ជនជាតិចិន២នាក់ កាន់អាវុធខ្លី ត្រៀមប្រព្រឹត្តបទល្មើសឧក្រិដ្ឋផ្សេងៗ ត្រូវកម្លាំងនគរបាលបង្ក្រាប
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ ថ្មីៗនេះ សមត្ថកិច្ចជំនាញផែនព្រហ្មទណ្ឌ បានធ្វើការទប់ស្កាត់បង្ក្រាបបាន មុខសញ្ញាប៉ុនប៉ងប្រព្រឹត្តបទល្មើសឧក្រិដ្ឋមួយករណីឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ចាប់យកបានអាវុធខ្លីមួយដើម និងឧបករណ៍សម្រាប់ត្រៀមប្រព្រឹត្តបទល្មើសមួយចំនួន។
កិច្ចប្រតិបត្តិការនេះ ធ្វើឡើងនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២:០០នាទី ដោយកម្លាំងល្បាតពេលយប់ ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ពាក់មួកបិទមុខនិងពាក់ម៉ាស់ កម្លាំងល្បាត ក៏បានដេញតាមហើយស្ទាក់ចាប់បាន នៅជិតកាស៊ីណូជីយូវនីសិន ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ឆែកឆេររកឃើញអាវុធខ្លី១ដើម ភ្លាមនោះ ក៏បាននាំខ្លួនយកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុតែម្តង ។
ជនសង្ស័យទាំង២នាក់៖
ទី១-ឈ្មោះ HE XIAOPING ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ កាន់ លិខិតឆ្លងដែនលេខៈ EH0851963 មានស្រុកកំណើត ក្រុង/ខេត្ត SICHUAN ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។
ទី២-ឈ្មោះ SUN PENG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិនមុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ EC5907936 មានស្រុកកំណើត ក្រុង YUNNAN ខេត្ត ZHEJIANG ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន៖
-កាំភ្លើងខ្លី ១ដើម ម៉ាក K59 រលប់លេខ (ឈូសលេខចោល) មានបង់១ និងគ្រាប់ចំនួន ៥គ្រាប់។
-កាំបិតចុងស្រួច៣ដើម (យកក្រណាត់ក្រហមចងរុំ)
-មួក ២
-ម៉ាស់មុខ ៤
-លិខិតឆ្លងដែន២ច្បាប់ និងម៉ូតូម៉ាកស្មាសពណ៌ក្រហមមួយគ្រឿង ។
ករណីនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងចាត់ចែងតាមនីតិវិធី ទៅកាន់សាលាដំបូង៕