ហាមឃាត់ក្នុងការធ្វើដំណើរ ឆ្លងកាត់ស្ពានថ្មចាស់ មុខសាលាខេត្តបាត់ដំបង ដោយសារសភាពចាស់ទ្រុឌទ្រោម និងបែកប្រេះស្រាំ មានអាយុជាង១០០ឆ្នាំ
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ខែធ្នូនេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ក្នុងការធ្វើដំណើរឆ្លងកាត់ស្ពានថ្មចាស់មុខសាលាខេត្តបាត់ដំបង ដោយយោងតាម សភាពចាស់ទ្រុឌទ្រោម និងបែកប្រេះស្រាំរបស់ស្ពានថ្មចាស់សព្វថ្ងៃមិនអាចប្រើប្រាស់បាន ព្រះមានអាយុកាលជាង១០០ឆ្នាំ មកហើយ។
តាមការចាំបាច់របស់រដ្ឋបាលខេត្ត អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឲ្យបានជ្រាបថា ៖ ស្ពានថ្មចាស់មុខសាលាខេត្តបាត់ដំបង បានសាងសង់នៅក្នុងសម័យអាណានិគមបារាំងឆ្នាំ១៩១៦ ដែលមានអាយុកាល ១០៣ឆ្នាំ មកហើយ ដើម្បីថែរក្សាស្ពាននេះឱ្យបានគង់វង្សយូរអង្វែងសម្រាប់ទុកជាមរតកជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ និងវាយតម្លៃអំពីភាពចាស់ទ្រុឌទ្រោម របស់ស្ពាននេះដោយគ្រោងធ្វើការជួសជុល ថែទាំឱ្យបានល្អប្រសើរឡើងវិញ ។ ប៉ុន្តែដោយសារអាយុកាលបេតុង និងការប្រើប្រាស់ពុំបានត្រឹមត្រូវ ព្រោះក្នុងសម័យសង្គ្រាម ស្ពាននេះ ត្រូវបានរថយន្តធុនធ្ងន់ និងរថក្រោះ បើកបរឆ្លងកាត់បានបណ្តាលឱ្យស្ពាននេះ ត្រូវទទួលរងនូវការខូចខាត ស្ទើរទាំងស្រុង ទាំងតួស្ពាន និងសសរគ្រឹះ ដែលពុំអាចធ្វើការជួសជុលថែទាំឡើងវិញបាន ។
ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ដែលអាចនឹងកើតមានឡើង ជាយថាហេតុ ក្នុងការពុកផុយបាក់ស្រុត របស់ស្ពានថ្មចាស់ រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹង ដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ត្រូវផ្អាកការធ្វើដំណើរឆ្លងកាត់លើស្ពានថ្មចាស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕
