ប្រព័ន្ធអនុគ្រោះពន្ធ EBA មិនមានចែងពីលក្ខខណ្ឌគោរពសិទ្ធិមនុស្ស គឺមានចែងតែទៅលើការងារធ្វើពាណិជ្ជកម្មសុទ្ធសាធ
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ បានមើលឃើញពីកិច្ចខិតខំប្រឹងប្រែង និងផលប្រយោជន៍ដែលកម្ពុជា
ទទួលបានពីប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងប្រជាជនកម្ពុជា និងក្រុមហ៊ុនផលិតនាំចេញ ខណៈពេលដែលលោកទេសរដ្ឋមន្រី្តរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានអះអាងថា បើទោះបីក្នុងលក្ខខណ្ឌក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA មិនមានចែងពីលក្ខខណ្ឌគោរពសិទ្ធិមនុស្សក៏ដោយ និយាយដោយខ្លីប្រព័ន្ធអនុគ្រោះពន្ធ EBA មានលក្ខខណ្ឌចែងតែទៅលើការងារធ្វើពាណិជ្ជកម្មសុទ្ធសាធ ។
នៅព្រឹកថ្ងៃទី ១៦ខែ ធ្នូ ឆ្នាំ២០១៩ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រី្តរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានទទួលជួបឯលោក Cristsian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសមនិងពិភាក្សាការងារនៅទីស្តីការក្រសួង ។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានលើកឡើងពីទំនាក់ទំនង ដ៏ល្អរវាងកម្ពុជា-អាល្លឺម៉ង់ ដែលមានតាំងពីដើរៀងមកហើយក៏ជាប្រទេសមួយបានរួមចំណែកជាច្រើនដល់ការអភិវឌ្ឍន៍នៅកម្ពុជា ។ ក្នុងនោះក៏មានកិច្ចសហការផ្តល់ជំនួយបច្ចេកទេសក៏ដូចជាការបណ្តុះបណ្តាលធុនធានមនុស្សដល់មន្ត្រីក្រសួងឧស្សហកម្មនិងសិប្បកម្មផងដែរ ។
លោកCristsian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានបង្ហាញនូវការចាប់អារម្មណ៍ខ្ពស់ចំពោះភាពរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា ជាពិសេសការរីកលូតលាស់លើវិស័យឧស្សាហកម្មកាត់ដេរ និងវាយនភ័ណ្ឌ និងវិស័យសហគ្រាសធុនតូចនិងមធ្យម ។ ទាក់ទងនិងវិស័យសហគ្រាសធុនតូចនិមធ្យម លោកឯកអគ្គរដ្ឋទូតបានចាត់ទុកវិស័យនេះ មានសារសំខាន់ក្នុងខឿនសេដ្ឋកិច្ចជាតិ ។ ជាក់ស្តែងនៅប្រទេសអាល្លឺម៉ង់មានប្រមាណ៨០% សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានចាត់ទុកប្រទេសអាល្លឺម៉ង់មិនត្រឹមជាប្រទេសមានឧស្សាហកម្មជឿនលឿនទេ តែផ្នែកសហគ្រាសធុនតូចនិងមធ្យម ក៏មានការរីកចម្រើនទន្ទឹមគ្នាផងដែរ ។ ចំពោះកម្ពុជាវិញវិស័យនេះមានរហូតដល់ ៩៩% ស្មើនឹងប្រមាណជាង៥សែនមូលដ្ឋាន។ ប៉ុន្តែក្នុងចំណោមនោះ មានតែ៥%ប៉ុណ្ណោះ ដែលបានមកចុះបញ្ជីទទួលស្គាល់តាមច្បាប់ ។ ការងារនេះក្រសួងកំពុងលើកទឹកចិត្តហើយក៏អំពាវនាវឲ្យវិស័សហគ្រាស ធុនតូចនិងមធ្យមមកចុះបញ្ជីទទួលស្គាល់ឲ្យបានច្រើនជាអតិបរមាដើម្បីក្រសួងងាយស្រួលគ្រប់គ្រង បណ្តុះបណ្តាល និងសហការគាំទ្រ ។ ជាមួយគ្នានេះនេះក៏បានស្នើឲ្យប្រទេសអាល្លឺម៉ង់ បន្តជួយជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលធុនធានមនុស្សនៅកម្ពុជា ក៏ដូចជាអំពាវនាវឲ្យអ្នកវិនិយោគទុនអាល្លឺម៉ង់បន្តមកបណ្តាក់ទុន នៅកម្ពុជាឲ្យបានច្រើនថែមទៀត ។
ក្នុងឱកាសនោះដៃគូសន្ទនាក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ការងារទាក់ទងនិងប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហគមន៍អឺរ៉ុបដល់កម្ពុជាផងដែរ ។ ក្នុងនោះលោករដ្ឋមន្រ្តី បានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកទីផ្សារទំនិញនិងទីផ្សារការងារ ការរក្សាកំណើនសេដ្ឋកិច្ច ជាពិសេសគឺកត្តាសន្តិភាព ដែលជាបច្ច័យដ៏សំខាន់នៃភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ក្នុងនោះវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ និងស្បែកជើង ដែលភាគច្រើននាំចេញទៅសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក មានការរីកចម្រើនដល់បច្ចុប្បន្ននេះ ក៏ដោយសារកម្ពុជាអនុវត្តនូវរូបមន្តជាគំរូគេ ក្នុងចំណោមប្រទេសអភិវឌ្ឍតិចតួចទាំងអស់គឺ ៖ ការធ្វើពាណិជ្ជកម្មផ្សារភ្ជាប់និងលក្ខខណ្ឌការងារ (Link trade with labor standards) និងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC) ដែលកម្មវិធីនេះមានន័យគ្រប់គ្រាន់ថា កម្ពុជាមានយន្តការកិច្ចការពារសិទ្ធិកម្មករ និងច្បាប់ការងារបានល្អប្រសើរ ដែលជាមូលដ្ឋាននៃក្របខ័ណ្ឌការគោរពសិទ្ធិមនុស្ស និងសេរីភាព ក្នុងប្រទេសរួចស្រេចទៅហើយ បើទោះបីក្នុងលក្ខខណ្ឌក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA មិនមានចែងពីលក្ខខណ្ឌគោរពសិទ្ធិមនុស្សក៏ដោយ ។ និយាយដោយខ្លីប្រព័ន្ធអនុគ្រោះពន្ធ EBA មានលក្ខខណ្ឌចែងតែទៅលើការងារធ្វើពាណិជ្ចកម្មសុទ្ធសាធ ។
លោកឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ បានមើលឃើញពីកិច្ចខិតខំប្រឹងប្រែង និងផលប្រយោជន៍ដែលកម្ពុជា
ទទួលបានពីប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងប្រជាជនកម្ពុជា និងក្រុមហ៊ុនផលិតនាំចេញ ។ ដូច្នេះក្នុងជំនួបនោះ មានការយល់គ្នាថា ៖ ភាគីពាក់ព័ន្ធត្រូវឈរលើគោលការណ៍ពិភាក្សាសម្រាប់ផលប្រយោជន៍ រួមទាំងអស់គ្នា ដើម្បីរក្សាស្ពានឆ្លងដែលបានកសាងជាមួយគ្នាជាច្រើនឆ្នាំរួចទៅហើយ៕