ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងឧស្សាហកម្ម និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាត ពង្រឹងកិច្ចសហប្រតិបត្តិការ  សម្រាប់ពន្លឿនវិស័យទឹកស្អាតនៅកម្ពុជា

77

 

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានអះអាងថា ទាំងក្រសួង និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាត ចាប់ពីពេលនេះតទៅ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាថែមទៀត ដោយត្រូវពិនិត្យឡើងវិញនូវក្រុមហ៊ុនជាប្រតិបត្តករទឹកស្អាតឯកជន ដែលទទួលអជ្ញាប័ណ្ណពីក្រសួងហើយនោះ តើបានចូលជាសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតហើយរឺនៅ? និងបានអនុវត្តតាមផែនការដែលបានកំណត់ត្រឹមត្រូវក្នុងអាជ្ញាប័ណ្ណដែរឬទេ?។

លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្ម ជំរុញឲ្យសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បន្តសកម្មភាពការងាររបស់ខ្លួនកាន់តែខ្លាំងក្លាឡើង ជាមួយក្រសួង សម្រាប់ពន្លឿនវិស័យទឹកស្អាតនៅកម្ពុជា។

ក្នុងឱកាសចូលជួបពិភាក្សាការងារ និងគោរពជូនពរនាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២០ ពីសំណាក់ប្រតិភូសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការរួមចំណែកអភិវឌ្ឍន៌វិស័យទឹកស្អាតនៅកម្ពុជា ក្នុងរយៈពេលកន្លងមក ជាមួយនិងកិច្ចសហការល្អប្រសើរជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។

លោកឧកញ៉ា អ៊ុន យុទ្ធី ប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានថ្លែងអំណរគុណចំពោះលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលមានទស្សនវិស័យ តែងតែណែនាំ ចង្អុលបង្ហាញដល់សមាគម ឲ្យដំណីរការសកម្មភាពរបស់ខ្លួន ក្នុងភាពទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកអភិវឌ្ឍឲ្យវិស័យទឹកស្អាតនៅកម្ពុជា មានការរីកចម្រើន សម្រាប់បម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ។

ដើម្បីបន្តរីកចម្រើនលើវិស័យទឹកស្អាត លោកបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ឡើងវិញ ពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ លើវិស័យទឹកស្អាត និងគោលនយោ បាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលកំណត់យកឆ្នាំ២០២៥ តម្រូវឲ្យតំបន់ទីក្រុង និងទីប្រជុំជន មានទឹកស្អាតប្រើប្រាស់​១០០% ។​ តាមរយៈនេះ ទាំងក្រសួង និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាត ចាប់ពីពេលនេះតទៅ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាថែមទៀត ដោយត្រូវពិនិត្យឡើងវិញ នូវក្រុមហ៊ុនជាប្រតិបត្តិករទឹកស្អាតឯកជន ដែលទទួលអជ្ញាប័ណ្ណពីក្រសួងហើយនោះ តើបានចូលជាសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតហើយឬនៅ? និងបានអនុវត្តតាមផែនការ ដែលបានកំណត់ត្រឹមត្រូវ ក្នុងអាជ្ញាប័ណ្ណដែរឬទេ?។

គួរយល់ថា៖ ផលប្រយោជន៍នៃការចូលសមាគម គឺដើម្បីងាយស្រួលគ្រប់គ្រង បណ្តុះបណ្តាល ការផ្ទេរបច្ចេកវិទ្យា ក៏ដូចជាចែករំលែកនូវព័ត៌មានផ្សេងៗ ។ ក្នុងនោះការមិនអនុវត្តបានត្រឹមត្រូវ តាមកិច្ចសន្យាក្នុងអាជ្ញាប័ណ្ណ គឺយើងត្រូវមានវិធានការ សមស្របជាបន្ទាន់ តើមកពីមូលហេតុអ្វី ? ហើយត្រូវរួមគ្នាដោះស្រាយរបៀបណា? បើគ្មានមូលហេតុច្បាស់លាស់ គឺយើងត្រូវខ្វៀលតំបន់ដែលមិនបានអភិវឌ្ឍន៍ទៅឲ្យប្រតិបត្តិករថ្មីផ្សេងទៀត ។ ការងារនេះត្រូវធ្វើជាបន្ទាន់ ជាពិសេស នៅខែមករា ឆ្នាំ២០២០ខាងមុខនេះ នឹងមានសន្និសីទស្តីពីទឹកស្អាត ដែលសហការរៀបចំជាមួយភាគីជប៉ុន ដែលជាម្ចាស់ជំនួយដ៏ធំលើវិស័យទឹកស្អាតនៅកម្ពុជា ។ សូមឲ្យអំពាវនាវដល់ប្រតិបត្តិករទឹកស្អាត ឯកជនទាំងអស់​ចូលរួម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ បង្ហាញនូវភាពប្រឈម និងសំណូមពរសម្រាប់ដំណោះស្រាយជាបន្ទាន់ ៕

អត្ថបទដែលជាប់ទាក់ទង