ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅប្រទេសឥណ្ឌូណេស៊ី និងទីម័រឡេស្តេ

22


ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកកម្ពុជាប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តាមជើងយន្តហោះពិសេស បន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេល ៥ថ្ងៃ ប្រកបដោយផ្លែផ្កា នៅលើទឹកដីសាធារណរដ្ឋឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា និងបន្តបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។
ក្នុងអំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី សម្តេចតេជោប្រធានព្រឹទ្ធសភា មានជំនួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយប្រធានាធិបតីឥណ្ឌូនេស៉ី, ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាផងដែរ។
បន្ថែមពីនេះសម្តេចមានជំនួបរួមគ្នាជាមួយអគ្គលេខាធិការអាស៊ាន គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន និងផ្តល់បាឋកថាពិសេស ក្រោមប្រធានបទ «កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក»» ដែលជាវិភាគទានដ៏សំខាន់ក្នុងការអបអរសាទរខួប ២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។ សម្តេចក៏បានអញ្ជើញថ្លែងបាឋកថា ក្រោមប្រធានបទស្តីពី «ទស្សនៈ និងបទពិសោធន៍ នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» ផងដែរ។
សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំរបស់ប្រទេសនេះ រួមមានលោក ប្រធានាធិបតីទីម័រឡេស្តេ និងនាយករដ្ឋមន្ត្រីទីម័រឡេស្ត។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា មានជំនួបដាច់ដោយឡែកពីគ្នាជាមួយលោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ, លោក កៃ ប៉ឡា សាណា ណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្ត និងលោកស្រី ម៉ារៀ ហ្វើណាន់ដា ឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេសនៅរដ្ឋសភាទីម័រឡេស្តេ និង ផ្ដល់បាឋកថាលើប្រធានបទស្តីពី «មេរៀនរបស់ ហ៊ុន សែន៖ ពីរបប ប្រល័យ ពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុល ភាព» នៅវិមានប្រធានាធិបតី។
នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ មុខពេលត្រឡប់មកកាន់កម្ពុជាវិញ សម្តេចតេជោ ហ៊ុន សែន ទទួលបានការបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុត ពីលោក José Ramos-Horta ប្រធានាធិបតីទីម័រឡេស្តេ ដែលធ្វើឡើងនៅវិមានប្រធានាធិបតី៕

អត្ថបទដែលជាប់ទាក់ទង