សម្តេចតេជោ អះអាងថា ជាង២៤ម៉ោងខ្ញុំមិនបាន ទទួលទានបាយទេ គ្រាន់តែផឹកទឹកធម្មតា
ភ្នំពេញ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី៦ខែមករានេះ សម្តេចតេជោ បានថ្លែងថា ពាក្យចាស់ពោលថា (ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ) ពិតជាមិនខុសនោះទេ។
សម្តេចតេជោ បានថ្លែងថា គិតពីម៉ោង១២ ថ្ងៃ៣មករា រហូតដល់ម៉ោង១៣ថ្ងៃ៤មករា ជាង២៤ម៉ោងខ្ញុំមិនបាន
ទទួលទានបាយទេគ្រាន់តែផឹកទឹកធម្មតាប៉ុណ្ណោះ។ ទាំងខ្ញុំទាំងសម្តេចក្រឡាហោម ស ខេង
និងថ្នាក់ដឹកនាំផ្សេងទៀតសុទ្ធតែឃ្លានដូចគ្នា។ យើងបានយកបាយសម្រាប់
ផ្គត់ផ្គង់ជូនកម្លាំងចូលរួមរុករក និងជួយសង្គ្រោះមួយប្រអប់ម្នាក់មកទទួលទាន។
សម្តេចតេជោ បានមានប្រសាសន៍ថា ពិតជាឆ្ងាញ់ហើយយើងលែងគិតពី អនាម័យដោយសារដីហុយចេញពី
អគារបាក់រលំពេលគ្រឿងចក្រកំពុង បុកនិងកាយគំនរបាក់បែកនោះហើយ។
ខ្ញុំទទួលទានអស់ប្រហែល១ភាគ៥នៃបាយក្នុងប្រអប់ ប៉ុន្តែសម្តេចក្រឡាហោម ស ខេង អស់ជាងពាក់កណ្តាលឯណោះ។
នេះពិតជា (ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ) មែន។ អរគុណសន្តិភាព៕
