នគរបាលស្រុកបវេល ដុតបំផ្លាញដំណាំកញ្ឆាជាង២៧០០ដើម ដែលពលរដ្ឋលួចដាំ លក់លើអាជីវកម្មលើទីផ្សារ
បាត់ដំបង៖ សមត្ថកិច្ចនគរបាលស្រុកបវេល បានដុតបំផ្លាញដំណាំកញ្ឆាជាង២៧០០ដើម ដែលពលរដ្ឋលួចដាំ កាលពីថ្ងៃទី២៥ មករា ២០២០នេះ ស្ថិតនៅក្នុងដីចំការមួយកន្លែង ក្បែរមាត់ស្ទឹង ភូមិតាគត់ ឃុំក្ដុលតាហែន ស្រុកបវេល ។
លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេល បានឲ្យដឹងថា កម្លាំងជំនាញនៃអធិការបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលក្តុលតាហែន រួមជាមួយកម្លាំងប្រជាការពារ បានចុះបង្ក្រាបនិងកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់ ដែលដាំនៅក្នុងចំការ របស់ឈ្មោះ រ័ត្ន ឈូយ ភេទប្រុស អាយុ៦៨ឆ្នាំ ។ ម្ចាស់ចំការបានលួចដាំដំណាំកញ្ឆានេះ ដោយបំពានច្បាប់ហាមឃាត់ ប៉ុន្តែក្រោយពីមានសេចក្ដីរាយការណ៍ ទើបកម្លាំងចុះពិនិត្យនិងសុំគោលការណ៍ទៅលោកស្នងការខេត្ត ដើម្បកាប់បំផ្លាញ និងប្រមូលដុតកម្ទេចចោលនៅនឹងកន្លែងតែម្ដង។
ដំណាំកញ្ឆាដែលត្រូវកាប់បំផ្លាញនិងដុតកម្ទេចចោលទាំងនោះមានសរុបចំនួន២៧៧០ដើម ។ ដោយឡែក គ្រាប់ពូជនិងកូនដើមកញ្ឆាមួយចំនួនទៀត ក៏ត្រូវដុតកម្ទេចចោលជាមួយគ្នា។ យោងតាមគោលការរបស់លោកស្នងការខេត្ត សមត្ថកិច្ចបាននាំខ្លួនម្ចាស់ចំការទៅសួរនាំ ដើម្បីធ្វើកំណត់ហេតុ ហើយកម្លាំងជំនាញបានធ្វើការអប់រំ និង ធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការលួចដាំដំណាំកញ្ឆាដោយខុសច្បាប់នេះ។
លោករ័ត្ន ឈូយ ដែលជាម្ចាស់ចំការ បាននិយាយប្រាប់សមត្ថកិច្ចថា ការដាំដំណាំកញ្ឆា ដើម្បីលក់លើអាជីវកម្មលើទីផ្សារ។
លោកអធិការ បានបន្ថែមថា លោកស្នងការខេត្តសម្រេចឱ្យធ្វើការបង្ក្រាបនិងរឹបអូសទាំងអស់ ដើម្បីដុតកម្ទេចចោល ចំណែកម្ចាស់ចំការបានឱ្យត្រឡប់ទៅលំនៅឋានវិញហើយ ក្រោយធ្វើកិច្ចសន្យានិងអប់រំ៕