ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យ​ និង ពន្លឿនការស្ថាបនាផ្លូវ​ ដាក់ប្រព័ន្ធលូ នៅតាមផ្លូវឆ្នេរអូរត្រេះ​ ការសម្អាតឆ្នេរអូរឈើទាល២ ដេីម្បីត្រៀមទទួលភ្ញៀវទេសចរណ៍

86
ខេត្តព្រះសីហនុ ៖ ក្រៅម៉ោងរដ្ឋបាល​ កាលពីល្ងាចនាចុងសប្តាហ៍ ថ្ងៃទី២៣​ ខែមករា​ ឆ្នាំ​២០២០នេះ​ លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុបានអញ្ជើញចុះពិនិត្យ​ ពន្លឿនការស្ថាបនាផ្លូវ​ និងការរៀបចំដាក់ប្រព័ន្ធលូទឹកស្អុយ​ ទឹកភ្លៀង​ តាមបណ្តោយផ្លូវឆ្នេរអូរត្រេះ​ ព្រមទាំងពិនិត្យការសម្អាតឆ្នេរអូរឈើទាល២ “អតីតឆ្នេរអារីស្តុន” និងឆ្នេរអូរត្រេះ ដេីម្បីត្រៀមទទួលភ្ញៀវទេសចរណ៍មកលេងកំសាន្ត​នាថ្ងៃខាងមុខនេះ ពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​ វៀតណាមនេះ។
   លោកគួច ចំរើន បានស្នើសូមអោយប្រជាពលរដ្ឋដែលមកកំសាន្ត តាមបណ្តាឆ្នេរទាំងអស់​ មេត្តារក្សាអនាម័យ និងទុកដាក់សម្រាមអោយមានសណ្តាប់ធ្នាប់។ ឆ្នេរស្អាត អនាម័យបរិស្ថានល្អ មានផាសុខភាព​ និងទាក់ទាញ​ភ្ញៀវទេសចរណ៍​។
  ចាប់ពីម៉ោងនេះតទៅ ឆ្នេរអូរឈើទាល២ ” អតីតឆ្នេរអារីស្តុន ” និងឆ្នេរអូរត្រេះ នឹងត្រូវបានរៀបចំជាឆ្នេរ សមុទ្រសាធារណៈ និងជាសម្បត្តិរួម របស់ប្រជា ពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរ ជាតិ និងអន្តរជាតិអាចមកកំសាន្តដោយសេរី ដោយមិនមានបង់ថ្លៃអ្វីឡើយ។ ឆ្នេរស្អាត អនាម័យបរិស្ថានល្អ មានផាសុខភាព។
   គួរបញ្ជាក់ថា កន្លងមកនេះរដ្ឋបាលខេត្ត បានចេញ លិខិតជូនដំណឹងលេខ៤៧៣/១៩ សជណ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងលក់ដូរ និងអាស្រ័យផល នៅលើឆ្នេរអូរឈើទាល “​អតីតឆ្នេរអារីស្តុន​ “​ និងឆ្នេរអូរត្រេះ មានទីតាំងស្ថិត នៅភូមិ៤ និងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបានបានសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុរួចមក បងប្អូនប្រជាពលរដ្ឋដែលកំពុងលក់ដូរនៅនៅលើឆ្នេរអូរឈើទាល “​ អតីតឆ្នេរអារីស្តុន​ “​ បានចូលរួមសហការជាមួយអាជ្ញាធរ ដោយបានធ្វើការរុះរើតូប និងស្តង់លក់ដូរ របស់ខ្លួនសរុបទាំងអស់ មានចំនួន ១២៦តូប បានរៀបរយជាស្ថាពរព្រមទាំងបានចូល រួមធ្វើការសម្អាតឆ្នេរខ្សាច់វិលមករកសភាពស្រស់ស្អាតឡើងវិញ។ ដោយឡែកចំពោះបងប្អូនប្រជា ពលរដ្ឋ ដែលលក់ដូរនៅលើឆ្នេរអូរត្រេះ”​ អូរត្រេះ១ មានចំនួន ១០៨តូបស្តង់ និងអូរត្រេះ២ មានចំនួន ៤៨តូបស្តង់” បានរុះរើរួចរាល់ជាស្ថាពរ។
   រដ្ឋបាលខេត្តព្រះសីហនុ​ សូមកោត​សរសេីរ និងថ្លែង អំណរគុណដ៏ជ្រាលជ្រៅបំផុតដល់បងប្អូនប្រជា ពលរដ្ឋ​ ដែលមានការយល់ដឹងអំពី​ប្រយោជន៍​សាធារណៈ​ និងបានចូលរួមសហការក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកែលម្អ សោភ័ណ ភាពឆ្នេររបស់យើងឡើងវិញ។
  សូមបញ្ជាក់ផងដែរថា សំណង់តូបស្តង់របស់បងប្អូនប្រជាពលរដ្ឋ ដែលបានសាងសង់នៅលើឆ្នេរអូរត្រេះភាគច្រើនជាសំណង់រឹងមាំ ដែលបានចាក់សាប បេតុងនៅលើឆ្នេរខ្សាច់ដោយផ្ទាល់ និងមានមួយ ចំនួន សង់ជាប់មាត់ទឹកតែម្តង ក្នុងនោះផងដែរ​ បន្ទាប់ពីធ្វើការរុះរើតូបស្តង់ទាំងនោះរួច គឺយើងប្រទះឃើញនូវលូស្តុកលាមក និងសំណល់ផ្ទះបាយ ចំនួន១៣៦លូ ដែលបានបង្កប់ក្នុងឆ្នេរខ្សាច់ផងដែរ។ ជាចុង​ក្រោយរដ្ឋបាលខេត្តសូមបញ្ជាក់ថា ការរុះរើតូប​និងស្តង់លក់ដូរនៅលេីឆ្នេរអូរឈេីទាលពីរ​ និងឆ្នេរអូរត្រេះនេះគឺមិនមែនយកដីទៅឱ្យក្រុមហ៊ុន ឬអង្គភាព  អាជីវកម្មឯកជន  ណាមួយធ្វើការវិនិយោគនោះឡើយ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់ របៀប រៀប រយ និងកែលម្អ សោភ័ណភាពឆ្នេររបស់យើងឡើង វិញ ដោយរក្សាទុកជាឆ្នេរ សាធារណៈ និងជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ អាចមកកំសាន្តដោយសេរី ឥត មានបង់ថ្លៃអ្វីឡេីយ។ សូមបងប្អូនប្រជាពលរដ្ឋយើង មេត្តាចូលរួមសហការគាំទ្រ និងផ្តល់ជាកម្លាំងចិត្តដល់ក្រុមការងារ រដ្ឋបាលខេត្តព្រះសីហនុឱ្យដំណើរ ការរៀបចំនេះប្រព្រឹត្តទៅដោយជោគជ័យ៕
អត្ថបទដែលជាប់ទាក់ទង