បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ២នាក់ ដកហូតថ្នាំញៀន៤៥កញ្ចប់
ខេត្តតាកែវ ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាយ៉ាងម៉ត់ចត់ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អំពីបញ្ហាបង្ការ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀននៅតាមមូលដ្ឋាន នៅថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង ១៦.៣០នាទីកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូភី បានចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនបានចំនួន ០២នាក់ ដកហូតបានថ្នាំញៀន៤៥កញ្ចប់(តូច៤៤កញ្ចប់-ធំ០១កញ្ចប់) ថ្នាំប្រភេទគ្រាប់ពណ៌ក្រហម១២គ្រាប់ ម៉ូតូ០១គ្រឿង ទូរស័ព្ទ០២គ្រឿង ។
ជនសង្ស័យទី១មានឈ្មោះ ម៉ៅ សុខអូន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ខេត្តតាកែវ (មុខសញ្ញាជួញដូរ) ឃាត់ខ្លួនបាននៅចំណុចខាងលិចវត្តសំរោង ផ្លូវលេខ ១២២អា ស្ថិតក្នុងភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ដកហូតបានជាក់ស្តែងម្សៅក្រាមពណ៌ស ២២កញ្ចប់តូច ទូរស័ព្ទ ០១គ្រឿង ។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទី១ខាងលើ កម្លាំងបានបន្តស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យទី២មាន ឈ្មោះ ធូ ស្រស់ ហៅគក់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ (មុខសញ្ញាជួញដូរ) ឃាត់ខ្លួននៅចំណុចខាងត្បូងវត្តសំរោង ស្ថិតក្នុងភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ និងដកហូតបានជាក់ស្តែងម្សៅក្រាមពណ៌ស ២២កញ្ចប់តូច ០១កញ្ចប់ធំ ថ្នាំពណ៌ក្រហម ១២គ្រាប់ ទូរស័ព្ទ ០១គ្រឿង ម៉ូតូ ០១គ្រឿង និងឧបករណ៍ជក់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត និងបន្តស្រាវជ្រាវតាមឃាត់ខ្លួនមុខសញ្ញានៅសេសសល់យកមកផ្តន្ទាទោសតាមច្បាប់៕