ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឱសថការី កុំឡើងថ្លៃ​ម៉ាស ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ក្នុងការប្រកបវិជ្ជាជីវៈ

212

ភ្នំពេញ៖ ក្រុមប្រឹក្សាគណៈឱសថការីជា​តិ បានចេញសារអំពា​វនាវ ដល់ឱសថការី កុំឡើងថ្លៃ​ម៉ាស ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ក្នុងការប្រកបវិជ្ជាជីវៈ។ ឱសថសាស្ត្រ ឱសថ​កា​​រីទាំងអស់ ត្រូវតែគោរពឱ្យបាននូវ ក្រមសីលធម៌ឱសថការី ក៏ដូចជាចូលរួមចំណែកក្នុងការកាត់បន្ថយការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី(2019-nCoV)។

សារអំពាវនាវរបស់គណៈឱសថការីកម្ពុជា​ដែលផ្ញើជូនចំពោះ អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រឯកជ​នទាំងអ​ស់ថា ស្ថិតក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងតែជួបនូវបញ្ហានៃការ
ផ្ទុះឡើងនូវវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ដែលមានប្រភពពីទីក្រុងរ៉ូហាន ខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ជាហេតុធ្វើឱ្យប្រជា​ជនកម្ពុជា មានតម្រូវការចាំបាច់ក្នុងការពាក់​ម៉ា​សដើម្បី​ការ​ពារការឆ្លងមេរោគប្រភេទថ្មីនេះ។ ស្ថិតក្នុង​កាលៈទេសៈនេះ គណៈឱសថការីកម្ពុជា សង្កេតឃើញឱសថស្ថានមួយចំនួន បានឆ្លៀតឱកាសដំឡើងថ្លៃម៉ាសហួសហេតុ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រ ក៏ដូចជាកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ឱសថការីកម្ពុជា។

អាស្រ័យហេតុនេះ គណៈឱសថការីកម្ពុជា សូមអំពាវនាវដល់សមាជិក សមាជិកា ទាំងអស់ដែលជាម្ចាស់ឱសថស្ថាន ម្ចាស់ក្រុមហ៊ុនអាហរ័ណនីហរ័ណឱសថ អ្នកទទួលខុសត្រូវឱសថស្ថាន និងអ្នកទទួលខុសត្រូវក្រុមហ៊ុនអាហរ័ណ នីហរ័ណឱសថទាំងអស់ សូមកុំដំឡើងថ្លៃម៉ាស ដែលធ្វើឱ្យប៉ះពាល់ ដល់កិត្តិយសក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រ របស់ឱសថការីកម្ពុជា។

ឱសថការីទាំងអស់ ត្រូវតែគោរពឱ្យបាននូវ ក្រមសីលធម៌ឱសថការី ក៏ដូចជាចូលរួមចំណែកក្នុង
ការកាត់បន្ថយការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី(2019-nCoV)។

គណៈឱសថការីកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ឱសថការីដែលប្រកបវិជ្ជាជីវៈឱសថសាស្ត្រ
ឯកជនទាំងអស់ នឹងចូលរួមសហការ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្រោយផ្ទុះការរិះគន់ទាក់ទិនទៅនឹងការតម្លើងថ្លៃម៉ាសកប់ក្តោង លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ប្រសិនបើអ្នកលក់ម៉ាស នៅកម្ពុជាឡើងថ្លៃ នឹងជាប់បទមជ្ឈិម គឺជាប្រភេទបទល្មើស ដែលកម្រិតទោសអតិបរមា គឺជាទោសជាប់ពន្ធនាគារ ចាប់ពី ៦ថ្ងៃ ដល់៥ឆ្នាំ។

ទោះជាយ៉ាងណា ស្របពេលដែលមានការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី(2019-nCoV)នៅកម្ពុជា មានមួយករណីនោះ ក៏មានសប្បុរសជនមួយចំនួនចេញមុខចែកម៉ាសដោយឥតគិតថ្លៃដល់ពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងតាមទីសាធារណៈ ជាពិសេសនៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយក៏មានជនឆ្លៀតឱកាសបំពុលសង្គមមួយចំនួន លក់ម៉ាសដំឡើងថ្លៃកប់ពពក៕

អត្ថបទដែលជាប់ទាក់ទង