២នាក់ប្តីប្រពន្ធ រកស៊ីជួញដូរថ្នាំញៀនជិត៦០០គ្រាប់ ត្រូវសមត្ថកិច្ចបង្រ្កាប
ស្ទឹងត្រែង៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធ រួមនឹងជាមួយថ្នាំញៀន ជិត៦០០គ្រាប់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបូរីអូរស្វាយសែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រះរំកិល ឃាត់ខ្លួន ។
បច្ចុប្បន្នកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កំពុងរៀបចំសំណុំឯកសារបញ្ជូន ជនសង្ស័យនិងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី។
អធិការដ្ឋាននគរបាលស្រុក បុរីអូរស្វាយសែនជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមានទី១-ឈ្មោះ បៃ សែងចាន់ ភេទប្រុស អាយុ៤០ឆ្នា ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកំពង់សាម៉ី ឃុំស្រឡៅពី ស្រុកឆែប ខេត្តព្រះវិហារ ជាប្តី។ ជនសង្ស័យទី២-ឈ្មោះ ហ្វយ ឡៃ ភេទស្រី ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកំពង់សាម៉ី ឃុំស្រឡៅពី ស្រុកឆែប ខេត្តព្រះវិហារ ជាប្រពន្ធ។
អធិការដ្ឋាននគរបាលស្រុក បុរីអូរស្វាយសែនជ័យ បានរាយការណ៍ថា នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ វេលម៉ោង៨ និង៤៧នាទី ក្រោយពីទទួលបានព័ត៌មានភ្លាម លោកអធិការ បានចាត់ឲ្យលោកអធិការរងទទួលការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះរំកិល នៃអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ បង្ក្រាបបានករណីដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងបានឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន២នាក់(ប្តីប្រពន្ធ) ដោយរឹបអូសវត្ថុតាង សង្ស័យជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន ពណ៌ក្រហមក្បឿង មានអក្សរឡូហ្គោ WY ចំនួន ៣កញ្ចប់ធំ ស្មើនឹង ៥៨៦គ្រាប់ និងម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ក្រហម គ្មានផ្លាកលេខ៕