ចាប់ផ្តើមពិភាក្សា បង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងថ្មី នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីគម្រោងរៀបចំផ្លូវថ្មើរជើង នៅតាមបណ្តោយទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង ការដោះស្រាយផលប៉ះពាល់ ក្នុងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចន្លោះពីស្ពានព្រះមុនីវង្ស និងស្ពានទន្លេបាសាក់ តាខ្មៅ និងគម្រោងស្ថាបនាផ្លូវតភ្ជាប់ ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វា ទៅកាន់មហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចពហុកីឡដ្ឋានមរតកតេជោ។
ក្រុមការងារពិសេសរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចុះសិក្សាពីបញ្ហាផ្សេងនិងកំណត់ ទីតំាងមួយចំនួន ដើម្បីឆ្ពោះបង្កើតផ្លូវថ្មើរជើង ដែលចេញពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់បន់មុខព្រះបរមរាជវាំង នៅពេលឆាប់ៗនេះ ដែលឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស របស់សាលារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៩ខែមករានេះ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា អាជ្ញាធរត្រៀមកែលម្អផ្លូវ ចិញ្ចើមផ្លូវ សួនច្បារ ដាំដើមឈើ និងភ្លើងលម្អពណ៌នាពេល រាត្រី រួមទំាង ផ្សារាត្រី ផាប់ស្ទ្រីត ផ្សារណាត់ ផ្សារកសិផល ក្លឹបកម្សាន្ត ស្កាយបា កន្លែងលក់វត្ថុអនុស្សាវរីយ ផលិតផលកសិកម្ម ចំណតយានយន្ត និងចំណតផែទូកទេសចរណ៍ ដែលឆ្លើយតបទៅ នឹងតម្រូវការ នៃការបង្កើតផ្លូវថ្មើរជើង ប្រកបដោយភាពទាក់ទាញ់។
លោកបានបញ្ជាក់ថា គម្រោងកែលម្អទំាងនេះ គឺមានភាពបន្ស៊ីគ្នា ដែលធានាបានសុខដុមនីយកម្ម រវាងវិស័យទេសចរណ៍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង គឺធានាបានសណ្តាប់ចរាណ៍ និងមិនរំខាន់ដល់ផ្លូវថ្មើរជើង។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបង្កើតផ្លូវថ្មើរជើងនេះ នឹងក្លាយជាកញ្ចប់ទេសចរណ៍ថ្មី សម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យ មកលេងរាជធានីភ្នំពេញ បានកាន់តែច្រើន។ លោកបានបញ្ជាក់ថា ផ្លូវថ្មើរជើងនេះ ភ្ញៀវទេសចរអាចមានជម្រើស ដើរលេងកម្សាន្តច្រើន ដូចជា នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ សួនកុមារ ប្រៃសណីយ៍ ផ្សាររាត្រី តំបន់ទេសភាពមាត់ទន្លេដ៏ស្រស់ស្អាត វត្តឧណ្ណាលោម សារមន្ទីរជាតិ ព្រះបរមរាជវំាង ដែលធ្វើឲ្យភ្ញៀវដើរទស្សនាកម្សាន្ត សប្បាយប្រកបដោយភាពរីករាយ។
លោកអភិបាល បានណែនាំដល់ក្រុមការងារឲ្យសិក្សាពីពេលវេលា ប្រព័ន្ធបញ្ជៀសចរាចរណ៍ និងកន្លែងចំណតយានយន្ត ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យកញ្ចប់សេវាទេសចរណ៍ថ្មីនេះ បានធ្វើដំណើរការដោយរលូន គ្មានការរំខានដល់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កញ្ចប់ទេសចរណ៍ផ្លូវថ្មើរជើងនេះ អាចបង្កើតឡើង ក្នុងមួយសប្តាហ៍ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៦រសៀល ដល់ម៉ោង១២យប់ ហើយមិនអនុញ្ញាតឲ្យមានយាន្តជំនិះផ្សេងៗ ឆ្លងកាត់ឡើយ គឺសម្រាប់តែថ្មើរជើងតែប៉ុណ្ណេះ។ គម្រោងបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងនេះ បានធ្វើឡើង ក្រោមកិច្ចសហការ រវាងរដ្ឋបាលសាលារាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ ក្រោមការចង្អុលបង្ហាញពីលោកឧបនាយករដ្ឋមន្រី្ត អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕