មន្ត្រីសុខាភិបាលខេត្តកំពង់ចាមម្នាក់ ជំពាក់លុយស្ត្រីមេម៉ាយ មិនសង
ភ្នំពេញ៖ ពលរដ្ឋរងគ្រោះនៅខេត្តកំពង់ចាម ឈ្មោះ ប៊ាន ថារិន ស្ត្រីមេម៉ាយ កូន ២ បានរងនូវអំពើ អយុត្តិធម៌ ដោយមន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ចាម ឈ្មោះ អែល សិទ្ធា និង ប្រពន្ធឈ្មោះ ធុយ ដាលីដា ជំពាក់លុយ ៣០០០០ ដុល្លារអាមេរិក មិនព្រមសង ហើយដេញឲ្យជនរងគ្រោះទៅប្ដឹង ។ នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុកលោកផែង វណ្ណៈ នៅថ្ងៃទី 30 ខែមករា ឆ្នាំ 2020 នេះ។
លោកផែង វណ្ណៈ បានសរសេររៀបរាប់ក្នុងផេកហ្វេសប៊ុករបស់លោកបន្ថែមទៀតថា
ស្ត្រីមេម៉ាយរូបនេះបានប្ដឹងទៅ តុលាការគ្រប់ជាន់ថ្នាក់ បន្ទាប់មកតុលាការគ្រប់ជាន់ថ្នាក់ បានសម្រេចឲ្យ ឈ្មោះ អែល សិទ្ធា និង ប្រពន្ធឈ្មោះ ធុយ ដាលីដា សងលុយចំនួន ៣០០០០ ដុល្លារអាមេរិក ទៅម្ចាស់បំណុលជាស្ត្រីមេម៉ាយវិញ ។
លោកបន្តថា ប៉ុន្តែរហូតមកដល់ថ្ងៃនេះ មានរយៈពេល ៦ ឆ្នាំ ហើយ ឈ្មោះ អែល សិទ្ធា និង ប្រពន្ធឈ្មោះ ធុយ ដាលីដា នៅតែមិនព្រមសងលុយទៅម្ចាស់បំណុល ។ ចំណែកតុលាការខេត្តកំពង់ចាមក៏មិនទាន់បាន អនុវត្តន៍ដោយបង្ខំដើម្បីរឹបអូសផ្ទះលក់ឡាយឡុងយកលុយសងម្ចាស់បំណុលនៅឡើយ ។
លោកថា ដើម្បីរក្សាកិត្តិយស លោក អែល សិទ្ធា និង ប្រពន្ធឈ្មោះ ធុយ ដាលីដា គួរយកលុយសងគេវិញផង ។ ចំណែកតុលាការខេត្តកំពង់ចាម គួរពិចារណាអនុវត្តន៍ដោយបង្ខំដើម្បីរឹបអូសផ្ទះលក់ឡាយឡុងយកលុយសងម្ចាស់បំណុលផង ៕