ស្ត្រីម្នាក់ធ្លាក់ពីលើម៉ូតូ ត្រូវរថយន្តកិនស្លាប់
រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដនិងម៉ូតូ ខណៈភាគីខាងម៉ូតូបើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុម៉ូតូចូលជង្ហុកធ្លាក់អ្នករួមដំណើរពីក្រោយ ហើយត្រូវរថយន្តបើកបរពីត្បូងទៅជើងរួចបានកិនអ្នករួមដំណើរពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤និង១០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ។
មន្ត្រីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា៖ ភាគីខាងម៉ូតូមិនស្គាល់ម៉ាកមិនស្គាល់ផ្លាកលេខ បើកចេញពីកន្លែងកើតហេតុ ។ រីឯស្ត្រីរួមដំណើរពីរក្រោយមិនស្គាល់អត្តសញ្ញាណ (ស្លាប់នៅកន្លែងកើតហេតុ) ។ ចំណែកឯភាគីរថយន្ដពុំស្គាល់ម៉ាក មិនស្គាល់ផ្លាកលេខ បើករត់បាត់ពីកន្លែងកើតហេតុ ។
ក្រោយពីមានហេតុការកើតឡើង-សពត្រូវបានយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិ ៕