នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនប្រជាការពារឃុំឫស្សីក្រាំងម្នាក់ ដែលបង្កហិង្សាលើបុរសពិការវ័យចំណាស់បានហើយ
បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី៣១ខែមករា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ប្រជាការពារឃុំឫស្សីក្រាំងម្នាក់ដែលបង្កហិង្សាលើបុរសពិការវ័យចំណាស់ម្នាក់ បណ្តាលឲ្យបាក់ដៃទាំងពីរនោះ ត្រូវនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនបានហើយ។
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញព័ត៌មានសង្គម បានជ្រាបថា នៅវេលាព្រឹកថ្ងៃទី៣១ ខែ មករាឆ្នាំ២០២០នេះតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ ព្រឿន ហៅខ្នួច ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិអ្នក តាទ្វារ ឃុំឫស្សីក្រាំង ស្រកមិងឫស្សី ខេត្តបាត់ដំបង មានភារកិច្ចជា (ប្រជាការពារឃុំឫស្សីក្រាំង) ដើម្បីធ្វើការស្រាវជ្រាវតាមជំនាញ ហើយ។
បើករណីស្រាវជ្រាវរកឃើញនូវអំពើល្មើសច្បាប់របស់គាត់ ដោយពិតប្រាកដនោះ សមត្ថកិច្ចនគរបាលនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់។
សូមជម្រាបជូនថា កាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២០ មានករណីហិង្សាដោយចេតនាមួយបានកើតឡើងបង្កដោយឈ្មោះ កែវ ព្រឿន ហៅខ្នួច ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិអ្នកតាទ្វារ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មាន ភារកិច្ចជា (ប្រជាការពារឃុំឫស្សីក្រាំង) ដែលករណីហិង្សានេះបានបណ្តាលឲ្យបុរសវ័យចំណាស់ ឈ្មោះ ហ៊ុន ខុម ភេទប្រុស អាយុ៥៧ឆ្នាំរស់នៅភូមិ ឃុំខាងលើទទួលរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារនាំទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។
នៅពេលនេះលោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមបញ្ជាក់ជូនសាធារណជនជ្រាបថា រាល់អំពើល្មើសច្បាប់ មិនថាអ្នកនោះជាប្រជាពលរដ្ឋ ឬជាសមត្ថកិច្ចអ្វីក៏ដោយត្រូវតែនាំខ្លួនទៅទទួលទោសកំហុសដែលខ្លួនបានប្រព្រឹត្តិនៅចំពោះមុខច្បាប់ ។ ជាមួយនេះលោកស្នងការសូមគោរពថ្លែងអំណរគុណ ចំពោះការចូលរួមសហការពីសាច់ញាតិ ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ដែលបានចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលស្ទើរគ្រប់បញ្ហាដែលកើតមានក្នុងមូលដ្ឋាន ហើយលោកស្នងការ នៅតែបន្តអំពាវនាវឲ្យមានការចូលរួមពីសាធាណជន បានច្រើននិងផុលផុសថែមទៀតដើម្បីសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមទាំងមូល ដោយក្តីគោរពរាប់អានបំផុត៕