ជំពាក់ប្រាក់គេមិនសង ពេលជនរងគ្រោះទារលុយ ជនសង្ស័យយកកាំបិតដេកាប់ របួស
ខេត្តស្វាយរៀងៈ បុរសវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណៈដែលជនសង្ស័យបានយកកាំបិតប៉័ងតោ ដេញកាប់ទៅលើជនរងគ្រោះជាជនជាតិវៀតណាមដូចគ្នា ដែលជាម្ចាស់បំណុល ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២០និង៤០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅមុខកាស៊ីណូម៉ុកបាយ ស្ថិតក្នុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា មានករណីប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់គ្រឿងញៀន មួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ ឡេ ហ្វាងយឹង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ (គ្មានលិខិតឆ្លងដែន) មានទីលំនៅផ្លូវបាគូ សង្កាត់៣ ទីក្រុងយ៉ុងតាវ បានយកកាំបិតប៉័ងតោដេញកាប់ទៅលើជនរងគ្រោះឈ្មោះ ហាំង វ៉ាង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម (អន្តោប្រវេសន៍) មុខរបររ៉ូលិញ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែជនរងគ្រោះរត់រួចពុំមានរបួស ។
ប្រភពដដែលបានបន្តថាៈ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។ មូលហេតុជនសង្ស័យជំពាក់ប្រាក់ជនរងគ្រោះចំនួន៨លានដុង ហើយជនរងគ្រោះទារលុយ ជនសង្ស័យខឹងក៏យកកាំបិតដេញកាប់តែម្ដង៕