បញ្ជូនកូនប្រុសថៅកែការ៉ាស់ឡាន ហេង ហេង អូតូ ទៅតុលាការ វាយយុវសិស្សម្នាក់ ក្នុងសាលាលឹមកុកវីង ខឹងរឿងញ៉ែស្រីស្នេហ៍ដែលខ្លួនស្រឡាញ់
ភ្នំពេញ៖ យុវជនទំនើងម្នាក់ ដែលជាកូនថៅកែការ៉ាស់ឡាន ហេង ហេង អូតូ បានចូលវាយយុវសិស្សម្នាក់ ដល់ក្នុងបន្ទប់សិក្សានៃសាលាលឹមកុកវីង និងបានផ្ញើរូបភាពកាំភ្លើងខ្លី២ដើមទុកជាការគំរាមកំហែងដល់ជនរងគ្រោះ ដោយសារខឹងរឿងញ៉ែស្រីស្នេហ៍ដែលខ្លួនស្រឡាញ់ ត្រូវបាននគរបាលខណ្ឌ៧មករាចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។
លោកឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកកាន់សំណុំរឿងនេះ ហើយបានដំណើរសាកសួរយុវជនទំនើងរូបនេះនៅ ពុំទាន់ដឹងលទ្ធផលយ៉ាងណានោះទេ។ ជនទំនើងនោះ មានឈ្មោះហេង គីមហ៊ួត ជាកូនប្រុសថៅកែការ៉ាស់ឡាន ហេង ហេង អូតូ មានទីលំនៅផ្ទះលេខ៤៣៨ ផ្លូវលេខ២៤៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ ចំណែកជនរងគ្រោះមានឈ្មោះ ហម សុវណ្ណារ៉ា អាយុ១៨ឆ្នាំ ជាសិស្ស មានទីលំនៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
សូមបញ្ជាក់ថា សមត្ថកិច្ចនគបាលព្រហ្មទណ្ឌ នៃអធិការខណ្ឌ ៧មករា បានឃាត់ខ្លួនយុវជនទំនើង ហេង គីមហ៊ួត អាយុ២១ឆ្នាំ សិស្យសាលា មានទីលំនៅផ្ទះលេខ ៤៣៨Eo ផ្លូវ៣៤៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទទួលកោក រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនឱ្យតុលាការ ចាត់ការតាមច្បាប់ ក្រោយយុវជនរូបនេះបានវាយ និងផ្ញើរូបកាំភ្លើង២ដើម ទៅគំរាមជនរងគ្រោះម្នាក់នៅសាលាលីមកុងវីង។
ការឃាត់ខ្លួនយុវសិស្សរូបនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដោយមានការឯកភាពពីលោក ឡុង ជៀប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបន្ទាប់ពីយុវជនរូបនេះ ចូលខ្លួនសារភាពកំហុស នៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់មនោរម្យ ជាមួយការសុំសងសំណងផ្លូវចិត្តដែលរូបគេ បានប្រព្រឹត្តកំហុសលើជនរងគ្រោះ។
យុវជនទំនើង ហេង គីមហ៊ួត បានសារភាពចំពោះមុខសមត្ថកិច្ចថា ពិតជាបានវាយជនរងគ្រោះ និងផ្ញើរូបភាពកាំភ្លើងគំរាមពិតមែន ដោយសារខឹងរឿងញ៉ែស្រីស្នេហ៍ដែលខ្លួនស្រឡាញ់។
ក្រោយសាកសួរ សមត្ថកិច្ចបានឃាត់ខ្លួនជនទំនើងរូបនេះ ពាក់ព័ន្ធករណីប្រើអំពើហិង្សា និង មានអាវុធខ្លីស៊េរីទំនើប២ដើម ទាំងវ័យក្មេង មិនដឹងប្រភពមកពីណា ។ ក្នុងនាមដើមបណ្តឹង លោក ស៊ូ ប៊ុនធី ដែលជាឪពុករបស់ជនរងគ្រោះ ចង់ឲ្យសមត្ថកិច្ចនិងតុលាការ ចាត់ការជនទំនើងនេះ ទៅតាមច្បាប់ ខណៈខ្លួនបានទាមទារសំណងចំនួន៣ពាន់ដុល្លារ ។ លោក អះអាងថា លោកមិនចង់មានរឿងវែងឆ្ងាយទេ បើលោកបានទទួលសំណង លោកនឹងដកពាក្យបណ្តឹង ហើយសមត្ថកិច្ចនិងតុលាការ ចាត់ការយ៉ាងណានោះ គឺ ជាសមត្ថកិច្ចរបស់ស្ថាប័នច្បាប់ ៕