បុរសម្នាក់មានវិបត្តិគ្រួសារ លោតពីលើផ្ទះជាន់ទី២ស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តលោតពីលើផ្ទះជាន់ទី២ សម្លាប់ខ្លួន ខណៈពេលដែលជិតដល់ថ្ងៃឡើងតុលាការផ្តិតមេដៃ លែងលះជាមួយប្រពន្ធ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង ៣០នាទីទៀបភ្លឺថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅទីតាំងសិប្បកម្មនំប៉័ង ទី ចាន់ថា ក្នុងភូមិដើមអំពិល១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
សពជនរងគ្រោះមានឈ្មោះពេជ្រ គឹមហុង អាយុ៣២ ឆ្នាំមុខរបរបុគ្គលិកលក់នំប៉័ង ស្នាក់នៅទីតាំងកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិអង្គ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
បើតាមសម្ដីពីបុរសឈ្មោះសៅ ជា អាយុ៣២ ឆ្នាំជាបុគ្គលិករួមអាជីពជាមួយគ្នា បានប្រាប់សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះបានលែងជាមួយប្រពន្ធ អស់រយៈពេលជាយូរមកហើយ តែមិនទាន់បានផ្ដិតមេដៃនៅឡើយទេ ហើយនិងជិតដល់ថ្ងៃឡើងតុលាការ ផ្តិតមេដៃលែងលះជាមួយប្រពន្ធ ដោយសារតែពេលការបានចុះអត្រាស៊ីវិល ទើបត្រូវឡើងតុលាការ ។
ប្រភពព័ត៌មានបានបន្តទៀតថា កាលពីថ្ងៃចូលឆ្នាំចិន ថៅកែសិប្បកម្មនំប៉័ងបានឲ្យបុគ្គលិកកម្មករ សម្រាកទៅលេងស្រុកកំណើត ពេលនោះជនរងគ្រោះបានទៅដល់ស្រុកកំណើត ហើយក៏បានហូបចុកផឹកស៊ីស្រវឹង បានទៅឱបប្រពន្ធពីក្រោយ រួចប្រពន្ធបានផ្ទះមួយកំផ្លៀង ហើយប្រាប់ថាយើងបានលែងលះគ្នាហើយកុំមកស្និទ្ធស្នាលពេក
ពេលដែលបុរសជាជនរងគ្រោះ បានឡើងមកភ្នំពេញធ្វើការវិញ គឺមានអារម្មណ៍ខុសប្លែកពីធម្មតា រហូតដល់ថ្ងៃកើតហេតុជនរងគ្រោះ បានសម្រេចចិត្តលោតពីលើផ្ទះជាន់ទី២ ម្ដងហើយកាលពីប៉ុន្មានថ្ងៃមុន តែត្រូវក្រុមកម្មករឃើញទាន់ក៏ចាប់ទាន់ លុះដល់ម៉ោងកើតហេតុស្រាប់តែជនរងគ្រោះ បានសម្រេចចិត្តលោតពីលើផ្ទះម្ដងទៀត ពេលដែលពេលនោះអ្នកដែលធ្វើការជាមួយគ្នា បានឃើញហើយក៏បានដឹកជនរងគ្រោះ មកមន្ទីរពេទ្យបង្អែកមានជ័យ តែដោយស្ថានភាពធ្ងន់ធ្ងរពេក លោកគ្រូពេទ្យបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តែពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ
លុះដល់វេលាម៉ោង៦និង៣០នាទីព្រឹកខែឆ្នាំដដែល ទើបម្ចាស់ផ្ទះបានយករាយការណ៍ មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្បារអំពៅទី១ ហើយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលច្បាអំពៅទី១ ក៏បានរាយការណ៍ទៅសមត្ថកិច្ចកុសល្យវិច័យខណ្ឌច្បារអំពៅ និងបានសហការជាមួយខាងកោសល្យវិច័យការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះទៅពិនិត្យទីតាំងនៅកន្លែងកើតហេតុ ទើបដឹងថាជនរងគ្រោះស្លាប់ ដោយសារធ្លាក់ពីលើផ្ទះជាន់ទី២ ពិតប្រាកដមែន មិនពាក់ព័ន្ធករណីឃាតកម្មអ្វីនោះទេ៕