ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ស្ដារប្រឡាយទួល សំពៅ ដើម្បី រំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងតំបន់ខាងជើងព្រលានយន្តហោះនៅក្នុងរដូវវស្សាខាងមុខ

83
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកាយស្ដារប្រឡាយទួលសំពៅចាប់ពីផ្លូវរថភ្លើងក្នុងសង្កាត់កាកាបទី១ខណ្ឌពោធិសែនជ័យដល់ស្ថានីយ៍បូមទឹកទួលសំពៅក្នុងខណ្ឌព្រែកព្នៅ ដើម្បីធ្វើការដោះស្រាយបញ្ហាការលិចលង់ដោយជំនន់ទឹកភ្លៀងតំបន់ខាងជើងព្រលានយន្តហោះអន្តរជាតិភ្នំពេញនិងសង្កាត់មួយចំនួនក្នុងខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ ។
 ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមរាជធានីភ្នំពេញ លោកម៉ៅ ប៊ុនធឿនបានឱ្យដឹង នៅព្រឹកថ្ងៃទី៣កុម្ភះនេះថា ដោយមានការយកចិត្តទុកដាក់ក្នុងដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅតំបន់ខាងជើងរាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរធនធានទឹកកាយស្ដារយកភក់ចេញពីប្រឡាយទួលសំពៅ បើកមុខទឹកឱ្យហូរបានលឿន ចុះទៅស្ថានីយ៍បូមទឹកទួលសំពៅ ដើម្បីបូមចេញបន្តទំលាក់ចូលបឹងតាមោក រំដោះការលិចលង់។
    លោកប្រធានបន្តថា ប្រឡាយទួលសំពៅនេះមានប្រវែង៦៩០០ម៉ែត្រទទឹងប្រវែង២០ម៉ែត្រ  ឆ្លងកាត់ខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខនិងខណ្ឌព្រែកព្នៅ ។ការងារនេះបានអនុវត្តចាប់ពីផ្លូវរថភ្លើងក្នុងខណ្ឌពោធិសេនជ័យរហូតដល់ស្ថានីយ៍បូមទឹកទួលសំពៅ ដោយ
អនុវត្តតាំងពីដើមឆ្នាំ២០១៩និងបញ្ចប់កាលពីចុងខែធ្នូឆ្នាំ២០១៩កន្លងទៅនេះ  ។
  លោកបន្តទៀតថា ប្រឡាយទួលសំពៅនេះមានទួនាទីសំខាន់ក្នុងការរំដោះទឹកពីតំបន់ខាងជើងនិងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រមទាំងតំបន់មួយចំនួនក្នុងខណ្ឌពោធិសែនជ័យនិងតំបន់មួយចំនួនក្នុងខណ្ឌសែនសុខហើយនឹងតំបន់មួយចំនួនក្នុងខណ្ឌព្រែកព្នៅទំលាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ។
    គួរបញ្ជាក់ថា ដោយសារតែកន្លងមកតំបន់ខាងជើងនិងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញតែងតែទទួលរងលិចលង់ដោយជំនន់ទឹកភ្លៀង ដើម្បីដោះស្រាយបញ្ហាលិចលង់ខាងលើនេះឱ្យប្រសើរជាងមុននោះទើបរដ្ឋបាលរាជធានីភ្នំពេញសាងសង់បន្ថែមនិងដាក់បន្ថែមម៉ូទ័របូមទឹកនៅស្ថានីយ៍បូមទឹកទួលសំពៅក្នុងឆ្នាំ២០១៩និងធ្វើការកាយស្ដារដឹកភក់ចេញពីប្រឡាយទួលសំពៅផងដែរ៕
អត្ថបទដែលជាប់ទាក់ទង