កម្ពុជានិងកូរ៉េបាននិងកំពុង យកចិត្តទុកដាក់ ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត
កូរ៉េ៖សម្តេចតេជោហ៊ុនសែនបានបញ្ជាក់ថាពេលនេះកម្ពុជានិងកូរ៉េបាននិងកំពុងយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូតការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្មវិនិយោគទេសចរណ៍និងវិស័យផ្សេងៗទៀត។
រសៀលថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២០នេះ នៅក្នុងឱកាសនៃការអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០នៅសាធារណរដ្ឋកូរ៉េសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងសិស្សនិស្សិតខ្មែរដែលកំពុងរស់នៅនិងបន្តការសិក្សានៅប្រទេសកូរ៉េ។
សម្តេចតេជោហ៊ុនសែនពិតជារីករាយដែលបានអញ្ជើញមកជួបបងប្អូនកូនក្មួយយុវជនសិស្សនិងនិស្សិតខ្មែរដែលបានមករស់នៅនិងបន្តការសិក្សានៅកូរ៉េនេះ។សម្តេចតេជោបន្តទៀតថាពេលនេះកម្ពុជានិងកូរ៉េបាននិងកំពុងយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូតការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្មវិនិយោគទេសចរណ៍និងវិស័យផ្សេងៗទៀតក្នុងនោះរួមទាំងការជំរុញឲ្យមានការហោះហើរត្រង់ពីកូរ៉េមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីជំរុញកំណើនទេសចរណ៍ពាណិជ្ជកម្មនិងវិនិយោគ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាបច្ចុប្បន្ននេះមាននិស្សិតកម្ពុជាដែលកំពុងបន្តការសិក្សានៅប្រទេសកូរ៉េចំនួន៤៥០នាក់ហើយបើសរុបពលរដ្ឋទាំងអស់ដែលបានមករស់នៅកូរ៉េទាំងស្របច្បាប់និងមិនស្របច្បាប់មានប្រមាណជា៦៥៥០០នាក់កំពុងបំរើការងារជាមួយប្រាក់ឈ្នួលសមរម្យដែលជាការរួមចំណែកមួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
សម្តេចតេជោហ៊ុនសែនបានសុំអោយម្ចាស់ក្រុមហ៊ុនឬម្ចាស់សហគ្រាសនានានៅប្រទេសកូរ៉េនេះសូមជួយមើលថែកូនក្មួយកម្មករកម្មការនីដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េនេះអោយបានល្អផង។ទំហំពាណិជ្ជកម្មនៅឆ្នាំ២០១៩មានជិត១ពាន់លានដុល្លារអាមេរិកក្នុងនោះការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូងមានប្រមាណ៣០ភាគរយហើយកូរ៉េខាងត្បូងនាំចូលកម្ពុជាមានប្រមាណ៧០ភាគរយ។ទំនិញកម្ពុជានាំទៅកាន់ប្រទេសកូរ៉េខាងត្បូងមានច្រើនបំផុតជាសម្លៀកបំពាក់គ្រឿងអេឡិចត្រូនិកស្បែកជើងភេសជ្ជៈកាបូបកៅស៊ូឱសថក្រដាសកាតុងនិងផលិតផលកសិកម្មមួយចំនួនទៀត។ទំនិញកម្ពុជានាំចូលពីប្រទេសកូរ៉េខាងត្បូងវិញមានដូចជាក្រណាត់ត្បាញរថយន្តភេសជ្ជៈគ្រឿងអេឡិចត្រូនិកគ្រឿងម៉ាស៊ីនវត្ថុតុបតែងលម្អផ្ទះឱសថសាប៊ូនិងផលិតផលប្លាស្ទិកជាដើម។
សម្ដេចតេជោក៏បានបង្ហាញនូវក្តីមោទនភាពចំពោះផលិតផលផ្លែស្វាយរបស់ប្រទេសកម្ពុជាដែលត្រូវបាននាំចូលមកកាន់ទីផ្សាររបស់ប្រទេសកូរ៉េក្នុងរយៈពេលថ្មីៗកន្លងទៅនេះដែលនេះក៏ជាការបង្ហាញអំពីភាពរីកចម្រើននៃវិស័យកសិកម្មផលិតផលផ្លែស្វាយរបស់ប្រទេសកម្ពុជាដែលមានគុណភាពល្អអាចនាំមកកាន់ទីផ្សាររបស់ប្រទេសកូរ៉េបាន។សម្តេចតេជោក៏ជំរុញឲ្យមានការគាំទ្រផ្លែស្វាយកម្ពុជានិងជំរុញលើកទឹកចិត្តឲ្យកសិករកម្ពុជាបង្កើនការដាំដុះផលដំណាំស្វាយបន្ថែមផងដែរ ដើម្បីមានឱកាសនាំចេញមកកាន់ទីផ្សារកូរ៉េជាបន្តបន្ទាប់ទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើឲ្យពលរដ្ឋនិងនិស្សិតទាំងអស់ដែលរស់នៅនិងសិក្សានៅប្រទេសកូរ៉េនេះត្រូវគោរពច្បាប់ប្រទេសគេហើយត្រូវខិតខំប្រឹងប្រែងធ្វើការនិងរៀនសូត្រដើម្បីអនាគតរបស់ខ្លួនឯងគ្រួសារនិងប្រទេសជាតិ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណដល់បងប្អូនកូនក្មួយនិងនស្សិតទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃខំស្កាត់មកពីបណ្ដាតំបន់ផ្សេងៗមកជួបសម្ដេចនាពេលនេះ។
នៅក្នុងឱនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់ជូនបងប្អូនកូនក្មួយដែលបានចំណាយពេលវេលាមកជួបសម្តេចនាពេលនេះនូវសៀវភៅអប់រំទូន្មាន២ក្បាលម្នាក់របស់ភិរម្យអ៊ូ(ក្រមង៉ុយ) និងបណ្ឌិតអ៊ូចុងនិងក្រមាម្នាក់១។សម្តេចតេជោបានជូនពរដល់កូនក្មួយទាំងអស់ដែលកំពុងបំរើការងារនិងសិក្សានៅទីនេះជួបតែសេចក្តីសុខសេចក្តីចម្រើននិងជោគជ័យគ្រប់ភារកិច្ច៕