លោកស្រី ម៉ែន សំអន៖ ពន្លឺនៃសន្តិភាពបានផ្ដល់នូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ
សៀមរាប៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីឆ្លងសាលាបុណ្យ និងសមិទ្ធិផលនានានៅត្រពាំងមហានគរ ស្ថិតភូមិខ្នាច ឃុំពពែល ស្រុកសូត្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ៍ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋក្នុងពិធីទាំងអស់ក្នុងមនោសញ្ចេតនា នឹករលឹក និង ការគិតគូរខ្ពស់ ពីជីវ ភាពរស់នៅរបស់បងប្អូន ។
លោកស្រីក៏បានបន្តទៀតថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យប្រទេសជាតិមាន សុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ បច្ចុប្បន្ន វិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើន ដែលត្រូវបានរាជ រដ្ឋាភិបាល បានយក ចិត្តទុកដាក់ និង លើកតម្កើងកាន់តែខ្លាំងក្លាឡើងថែមទៀតទុកសម្រាប់ឲ្យប្រជា ពលរដ្ឋកម្ពុជាគោរពប្រណិបត្តិ ស្របទៅតាមទំនាមទំលាប់ប្រពៃណីរបស់ជាតិទៅថ្ងៃអនាគត ។
លោកស្រីបានបន្ថែមទៀតថា ដោយឡែកនៅតំបន់នេះក៏បានប្រែក្លាយពីតំបន់ដែលមានសង្គ្រាម មកជាតំបន់ដែលមានសក្តានុពលលើផ្នែកកសិកម្ម និងបានជួយឲ្យជីវភាពប្រជាពលរដ្ឋខេត្តសៀមរាប កើន ឡើងថែមមួយកម្រិតទៀត ។
លោកស្រីបាន ចាត់ទុកថា សមិទ្ធផល ដែលយើង បានធ្វើបុណ្យឆ្លងនាពេលនេះ គឺដោយសារតែប្រ ទេសជាតិមាន សុខមាន សន្តិភាពក្រោមការអនុ វត្តន៍នូវនយោបាយ ឈ្នះ ឈ្នះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា៖ កម្មវិធីបុណ្យនេះមានរយៈពេល ២ថ្ងៃ គឺថ្ងៃ០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលអ្នកផ្តើមបុណ្យ រួមមាន លោកជំទាវកិត្តិសង្គហបណ្ឌិត លោកស្រី ស៊ុយ សុផាន លោកស្រីអ៉ឹង ស៊ីស្រ៊ន និងស្វាមីព្រមទាំងក្រុមគ្រួសារ ព្រមទាំង លោកស្រី ជាភរិយាថ្នាក់ដឹកនាំនិងមន្រ្តីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋបានចូលរួមក្នុងកម្មវិធីនេះយ៉ាងច្រើនកុះករ។ នៅបញ្ចប់កម្មវិធីក៏មានបានចែកអំណោយ ដល់ប្រជាពលរដ្ឋប្រមាណជាង ១.០០០នាក់ក្នុងម្នាក់ៗទទួលបានថវិកា៥មុឺនរៀល សារ៉ុងមួយ និង បច្ច័យជិត៣មុឺនដុល្លារសហរដ្ឋអាមេរិកសម្រាប់បន្តកសាង និងរាប់បាត្រដល់ព្រះង្ឃជាកិច្ចបង្ហើយបុណ្យ៕
ដោយ៖ សំរិត
