ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោហ៊ុនសែន ជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង, ប្រធានាធិបតីនឹងជួយជំរុញឲ្យអ្នកវិនិយោគិនកូរ៉េបន្តមកដាក់ទុនវិនិយោគនៅកម្ពុជា

176

នៅរសៀលថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិក្សាការងារជាមួយឯកឧត្តមមូនជេអ៊ីន(Moon Jae-In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង។

ក្នុងជំនួបនោះ  ឯកឧត្តមមូនជេអ៊ីនបានស្វាគមន៍ចំពោះសម្ដេចតេជោនិងរីករាយដែលបានជួបជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីនៅពេលនេះ។ឯកឧត្តមបានបួងសួងសូមឲ្យសុខភាពម្ដាយក្មេករបស់សម្ដេចបានធូរនឹងជាសះស្បើយឆាប់ខាងមុខនេះ។ឯកឧត្តមប្រធានាធិបតីកូរ៉េបានបញ្ជាក់ថានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកូរ៉េដែលគំនិតផ្តួចផ្តើមរបស់សម្តេចតេជោបានដំណើរការទៅដោយជោគជ័យនិងបានអរគុណសម្ដេចតេជោចំពោះការផ្ដួចផ្ដើមគំនិតនៅក្នុងការរៀបចំកិច្ចប្រជុំលើកដំបូងដែលបានប្រព្រឹត្តទៅកាលពីខែវិច្ឆិកាល២០១៩កន្លងទៅ។ឯកឧត្តមបានគូសបញ្ជាក់ថាយើងបានអនុវត្តនូវគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ចំពោះគំនិតផ្ដួចផ្ដើមនេះ។ពាក់ព័ន្ធជាមួយនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឯកឧត្តមបានគូសបញ្ជាក់ថាទំនាក់ទំនងប្រទេសទាំងពីរបានឡើងដល់កម្រិតមួយចាស់ទុំនិងបានបញ្ចប់កិច្ចព្រមព្រៀងពាក់ព័ន្ធជាមួយនឹងការផ្តល់ជំនួយផ្នែកច្បាប់ព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរផងដែរ។ឯកឧត្តមរីករាយចំពោះដំណើរការនៃទំនាក់ទំនងប្រទេសទាំងពីរនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរផងដែរ។ឯកឧត្តមបានបញ្ជាក់ថារដ្ឋាភិបាលកូរ៉េនឹងបន្តផ្ដល់ការគាំទ្រយ៉ាងសកម្មចំពោះការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅកម្ពុជានៅចុងឆ្នាំនេះ។ឯកឧត្តមសង្ឃឹមថាកម្ពុជានឹងគាំទ្រកិច្ចប្រជុំពាក់ព័ន្ធនៃកំណើនសេដ្ឋកិច្ចបៃតងដែលនឹងរៀបចំនៅប្រទេសកូរ៉េនៅចុងឆ្នាំនេះផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានអរគុណរដ្ឋាភិបាលកូរ៉េដែលបានអញ្ជើញសម្ដេចមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ពិភពលោកនេះ។សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថាទំនាក់ទំនងរវាងប្រទេសទាំងពីរបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការដែលរដ្ឋាភិបាលកូរ៉េបានផ្ដល់ដល់កម្ពុជា។សម្ដេចតេជោក៏អរគុណផងដែរចំពោះការយល់របស់ឯកឧត្តមប្រធានាធិបតីកូរ៉េចំពោះអវត្តមានរបស់សម្ដេចក្នុងការចូលរួមប្រជុំកំពូលអាស៊ានកូរ៉េកាលពីខែវិច្ឆិកា២០១៩កន្លងទៅនេះ។

សម្ដេចតេជោបានបញ្ជាក់ថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងកូរ៉េបានក្លាយទៅជាទំនាក់ទំនងស៊ីជម្រៅពេញលេញក្រោយពីការបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦និងមានកិច្ចព្រមព្រៀងជាច្រើនរវាងប្រទេសទាំងពីរដែលបានចុះជាមួយគ្នាដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សម្ដេចតេជោពិតជារីករាយដែលបានឃើញកិច្ចព្រមព្រៀងការមិនយកពន្ធត្រួតគ្នាដែលត្រូវបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០១៩ដែលកិច្ចព្រមព្រៀងនឹងផ្តល់ភាពងាយស្រួលសម្រាប់អ្នកវិនិយោគប្រទេសទាំងពីរក្នុងការបណ្ដាក់ទុនរកស៊ី។សម្ដេចបានបញ្ជាក់ថាការកែទម្រង់ការវិនិយោគនឹងផ្ដល់ឱកាសសារជាថ្មីចំពោះអ្នកវិនិយោគហើយសង្ឃឹមថាឯកឧត្តមប្រធានាធិបតីនិងជួយជំរុញឲ្យអ្នកវិនិយោគិនកូរ៉េបន្តមកដាក់ទុនវិនិយោគនៅកម្ពុជា។សម្ដេចបានបញ្ជាក់ថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជាកូរ៉េបានបន្តកើនឡើងនៅឆ្នាំ២០១៩កន្លងទៅក្នុងន័យនេះសម្ដេចតេជោចង់ឃើញឲ្យមានការនាំចេញផលិតផលរបស់កម្ពុជាបន្ថែមទៀតមកកាន់ទីផ្សារកូរ៉េ។

កម្ពុជាបាននាំស្វាយស្រស់ទៅកាន់ទីផ្សារកូរ៉េកាលពីដើមឆ្នាំកន្លងទៅដែលក្នុងនេះសម្ដេចបានត្រេកអរចំពោះការនាំចេញផ្លែស្វាយទៅកាន់ទីផ្សារកូរ៉េ។សម្ដេចចង់ឃើញការបន្តធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យកសិកម្មនៅប្រទេសកម្ពុជា។សម្ដេចតេជោបានស្នើឱ្យឯកឧត្តមប្រធានាធិបតីជួយគាំទ្រក្នុងការពង្រឹងការវិនិយោគលើវិស័យកសិកម្មនៅប្រទេសកម្ពុជាជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងជម្រុញការកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញមកកាន់កូរ៉េផងដែរ។សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ស្នើឲ្យកូរ៉េបន្តបន្តកិច្ចព្រមព្រៀងចាស់ពាក់ព័ន្ធវិស័យទេសចរណ៍ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ក្នុងន័យនេះសម្តេចតេជោនាយករដ្ឋមន្ត្រីចង់ឃើញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។

ពាក់ព័ន្ធជាមួយនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធសម្ដេចអរគុណដល់រដ្ឋាភិបាលកូរ៉េដែលបានជួយក្នុងការផ្ដល់ឥណទានដល់កម្ពុជាជាពិសេសចាប់ពីឆ្នាំ២០១៩ដល់២០២០មានការកើនឡើងពី៣៥០ទៅ៧០០លានដុល្លារសហរដ្ឋអាមេរិកដែលនឹងជួយក្នុងការតភ្ជាប់នឹងពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាពីខេត្តមួយទៅខេត្តមួយដូចជាផ្លូវជាតិលេខ២២និងផ្លូវជាតិលេខ២និងផ្លូវជាតិលេខ៤៨ផងដែរ។

ពាក់ព័ន្ធជាមួយនឹងបញ្ហាធនធានមនុស្សសម្ដេចតេជោអរគុណដល់រដ្ឋាភិបាលកូរ៉េដែលបានផ្ដល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជា។សម្ដេចអរគុណដល់កូរ៉េដែលបានផ្ដល់ការគាំទ្រចំពោះពលករកម្ពុជានៅធ្វើការនៅកូរ៉េ។សម្ដេចក៏បានស្នើឱ្យមានជំរុញកិច្ចព្រមព្រៀងពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្មក្នុងការបន្តពង្រឹងនិងពង្រីកវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែធំថែមទៀត។សម្ដេចក៏ចង់ឃើញសាធារណរដ្ឋកូរ៉េជួយសាងសង់ស្ពានដែលធ្វើឡើងដោយសាធារណរដ្ឋកូរ៉ជាពិសេសស្ពានឆ្លងកាត់ទន្លេមេគង្គត្បិតបច្ចុប្បន្នកម្ពុជាមានស្ពានមិត្តភាពកម្ពុជាចិនស្ពានមិត្តភាពកម្ពុជាជប៉ុន។សម្ដេចតេជោស្នើឲ្យរដ្ឋាភិបាលកូរ៉េពិចារណាក្នុងការជួយការកសាងស្ពាននៅពេលខាងមុខផងដែរ។

ឯកឧត្តមបញ្ជាក់ថាតាមពិតជារីករាយដែលកូរ៉េបានបង្កើតមជ្ឈមណ្ឌលកសិកម្មនៅកម្ពុជាធ្វើឲ្យប្រជាពលរដ្ឋកូរ៉េកាន់តែរីករាយជាមួយនឹងផលិតផលផ្លែស្វាយពីប្រទេសកម្ពុជានិងទិន្នផលផលិតផលផ្សេងទៀតពីកម្ពុជាផងដែរ។ឯកឧត្តមបានបញ្ជាក់ផងដែរថាភាគីទាំងពីរមានឱកាសក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទនៅកម្ពុជាបន្ថែមទៀត។ឯកឧត្តមបញ្ជាក់ថានឹងខិតខំជំរុញឲ្យវិនិយោគិននិងក្រុមហ៊ុនកូរ៉េមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើននិងការចាប់យកឱកាសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជាផងដែរ។

ឯកឧត្តមបានអរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រដល់គោលការណ៏៣របស់រដ្ឋាភិបាលកូរ៉េជាពិសេសក្នុងការធ្វើយ៉ាងណាប្រែក្លាយជាឧបទ្វីបកូរ៉េទៅជាឧបទ្វីបដែលមានសន្តិភាពហើយសង្ឃឹមថាវឌ្ឍនភាពនៃឧបទ្វីបកូរ៉េនឹងបន្តដំណើរការទៅមុខទៀត។កូរ៉េនឹងរៀបចំនូវកិច្ចប្រជុំកំពូលស្តីពីកំណើនបៃតងនៅចុងឆ្នាំ២០២០។ពាក់ព័ន្ធជាមួយបញ្ហាពលកររដ្ឋាភិបាលកូរ៉េអរគុណដល់កម្ពុជាក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់កូរ៉េនឹងបន្តការយកចិត្តទុកដាក់ចំពោះពលកររបស់កម្ពុជា។ពាក់ព័ន្ធជាមួយនឹងវិស័យទេសចរណ៍ទៅលើអនុស្សារណៈដែលបានចុះកាលពីឆ្នាំ២០០៦បញ្ជាក់ថាយើងនឹងបន្តធ្វើការជាមួយគ្នាបន្ថែមទៀតនៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង