ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ កំពុងពេញនិយម

144

ពោធិ៍សាត់ ៖ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាបានថ្លែងថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការកំពុងពេញនិយម និងមានប្រជាប្រិយភាពយ៉ាងខ្លាំង មិនថាតែសម្រាប់កម្ពុជាទេ គឺទូទាំងសកលលោកតែម្តង។​

 

លោកបានបញ្ជាក់ថា យន្តការនេះធានាឲ្យប្រជាពលរដ្ឋទូទៅ អាចរស់នៅជាមួយគ្នា ប្រកបដោយភាពសុខដុម តាមរយៈការដោះស្រាយវិវាទនានា ដោយប្រើវិធីសម្រុះសម្រួលពិគ្រោះយោបល់គ្នាទៅវិញទៅមក ធ្វើសម្បទានឲ្យគ្នា ក្រៅប្រព័ន្ធតុលាការ អាចបង្កើតពីភាពល្អក់កករនឹងគ្នា ក្លាយទៅជាមិត្តភាពស្និតស្នាលក្នុងសង្គម។

 

ការថ្លែងបែបនេះធ្វើឡើងថ្ងៃទី៥​ ខែកុម្ភៈ​ ឆ្នាំ២០២០ ក្នុងឱកាសលោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានដឹកនាំសមាជិកគណៈកម្មការ ចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ​ លោកម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សា លោក អុិត សម្ភស្ស ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ និងមន្ត្រីរាជការមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

 

គោលបំណងនៃការចុះបំពេញបេសកកម្មនាពេលនេះ​ គឺដើម្បីសិក្សាស្វែងយល់ពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់របស់មន្ទីរជំនាញ ដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងស្វែងយល់ពីការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្ត​ ចតុកោណដំណាក់កាលទី៤ នីតិកាលទី៦នៃរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង