ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ដែលចោទថា ចេះអាបធ្មប់ ហើយមិនព្រមរុះរើផ្ទះចោល និងរត់គេចខ្លួនបាត់នោះ ត្រូវពលរដ្ឋមួយភូមិ នាំគ្នាដុតផ្ទះឆេះខ្ទេច

132

ស្ទឹងត្រែង​៖​ អធិការនគរបាលស្រុកសៀមប៉ាងប៉ាង​ បានឱ្យដឹងថា អ្នកភូមិ១៧៦គ្រួសារបានតវ៉ារុះរើ និងដុតផ្ទះ១ខ្នងចោល ដោយចោទថាម្ចាស់ផ្ទះនោះចេះអាបធ្មប់ ហើយម្ចាស់ផ្ទះមិនព្រមរុះរើផ្ទះមកចោល តាមកិច្ចសន្យាការងារកន្លងមក បែរជារត់គេចខ្លួនបាត់។

 

អ្នកភូមិជិត២០០គ្រួសារបានលើកគ្នាទៅរុះរើ​ដុត​ផ្ទះ​ពលរដ្ឋ​មួយ​គ្រួសារ​បណ្ដាលឱ្យ​ឆេះ​អស់ទាំង​ស្រុង​ ដោយអ្នកភូមិចោទគ្រួសារមួយថាចេះអំពើអាបធ្មប់។ ហេតុការណ៍នោះ កើតឡើងនៅភូមិកែងញៃឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។

​តាម​ប្រភពព័ត៌មាន​ពី​ស្រុក​សៀម​ប៉ាង​ ឱ្យដឹងថា ប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាកាន់ពូថៅ កាំបិត ដែកគាស់​លើកគ្នា​ទៅ​រុះរើ​ផ្ទះមួយ​ខ្នង​ សង់ពីឈើបាំងក្តារដំបូលប្រក់ដែកស័ង្កសីទំហំទទឹង៦ម៉ែត្រគុណនឹងបណ្តោយ៧ម៉ែត្រ។ អ្នកភូមិដោយចោទថា បុរសឈ្មោះលៀម ប៉ក អាយុ៦៧ឆ្នាំ ក្នុងគ្រួសារមួយនេះ ចេះមន្តអាគមអាបធ្មប់។

​អធិការនគរបាល​ស្រុក​សៀម​ប៉ាង​ បានឱ្យដឹងថា អ្នកភូមិ១៧៦គ្រួសារ បានតវ៉ារុះរើផ្ទះឈ្មោះ លៀម ប៉ក និងដុតចោល។ នគរបាលបានលើកឡើងថា យោងតាមកំណត់ហេតុសម្របសម្រួល កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ របស់អាជ្ញាធរឃុំស្រុក ដោយមានការចូលរួម ពីលោកស្រី ផាត់ រ៉ា​ណា អភិបាលរង​ស្រុក​ជា​តំណាង ជាមួយ​ឈ្មោះ លៀម​ ប៉ក និងប្រជាពលរដ្ឋពាក់ព័ន្ធចេះ អំពើអាបធ្មប់។

​ឈ្មោះ​លៀម ប៉ក បានសន្យានៅចំពោះមុខអាជ្ញាធរ និងអ្នកភូមិថា នឹងរុះរើផ្ទះដោយខ្លួនឯង។ អ្នកភូមិបានលើកឡើងថា តែរហូតដល់ថ្ងៃកំណត់ បែរជាគេចខ្លួនបាត់ មិនដឹងថាទៅទីណា ជាមួយភរិយា មិនធ្វើតាមសន្យា ទើបប្រជាពលរដ្ឋ ក្នុងភូមិលើកគ្នារុះរើ និងដុតចោលតែម្តង។ នៅលើផ្ទះនោះ ប្រជាពលរដ្ឋបានប្រទះឃើញចានឆ្នាំង ក្បាលឆក់ត្រី និងកាំភ្លើងច្នៃមួយដើម៕

អត្ថបទដែលជាប់ទាក់ទង