ទឹកជំនន់ពីការបូមខ្សាច់ កំពុងគំរាមកំហែង មកលើលំនៅស្ថានប្រជាជន នៅសង្កាត់វាលស្បូវ
ភ្នំពេញ៖ទឹកជំនន់ពីការបូមខ្សាច់ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅនាសព្វថ្ងៃនេះ កំពុងគំរាមកំហែងមកលើលំនៅស្ថានប្រជាជន១១គ្រួសារ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដោយរងនូវផលប៉ះពាល់ជាខ្លាំង ដោយជំនន់បូមខ្សាច់ពីសំណាក់ក្រុមឈ្មួញបូមខ្សាច់ ពីទន្លេមេគង្គក្រោម មកចាក់លប់បឹងនៅតំបន់វាលទំនាប បណ្ដាលអោយទឹកហូរពីការបូមខ្សាច់នោះ ហូរមកលិចលង់មកលើលំនៅស្ថានពួកគាត់ ដោយពិបាក់ទ្រាំក្នុងការរស់នៅជាខ្លាំង ដោយដើរលុយទឹករាល់ថ្ងៃ តែក្រុមអាជ្ញាធរខណ្ឌច្បារអំពៅ ធ្វើមិនដឹងមិនឮនៅព្រងើយកន្តើយ ដោយគ្មានការគិតគូសោះ ចំពោះជំនន់បូមខ្សាច់ ហូរមកលិចលង់លំនៅស្ថានពួកគាត់ ឡើងល្ហរល្ហាចដោយពិបាកក្នុងការរស់នៅ។
ចំពោះសកម្មភាពបូមខ្សាច់លុបបឹងពីសំណាក់ក្រុមឈ្មួញ ដែលមហាជនគេស្គាល់ថា ត្រូវប្អូនប្រុសថៅកែបុរីនោះ គឺបង្កការលំបាកក្នុងការរស់នៅបំផុត ពិសេសកុមារតូចៗ និងជនចាស់ជរា ដោយព្រួយបារម្ភពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនបំផុត ដោយជួបគ្រោះថ្នាក់ ពោលគឺការលង់ទឹកដោយជំនន់បូមខ្សាច់លុបបឹង ពីសំណាក់ក្រុមឈ្មួញនាសព្វថ្ងៃនេះ ពិសេសខ្លាចសត្វកាចសាហាវផងដែរ។ តែក្រុមអាជ្ញាធរខណ្ឌមិនហ៊ានទៅក្បែរនោះទេ ដោយខ្លាចអំណាចទឹកប្រាក់ថៅកែបូមខ្សាច់នោះ។ មហាជនគាត់លើកឡើងថា មូលហេតុក្រុមអាជ្ញាធរខណ្ឌច្បារអំពៅ មិនខ្វាយខ្វល់បញ្ហានេះ ព្រោះទឹកជំនន់បូមខ្សាច់នេះ វាមិនហូរលិចលង់ផ្ទះពួកគាត់ ហើយម៉្យាងទៀតគឺចានរបស់ពួកគេ បានសើមមាត់សើមកជារៀងរាល់ខែឆ្នាំផងដែរ។ ដូចនេះបងប្អូនប្រជាជន ដែលនូវផលប៉ះពាល់ពីទឹកជំនន់បូមខ្សាច់នេះ បន្តទ្រាំទៀតចុះ។
ប្រជាជនដែលរងនូវផលប៉ះពាល់ ដោយជំនន់បូមខ្សាច់នោះ ដោយដើរលុយទឹកព្រឹកល្ងាចយប់ថ្ងៃ ដោយទឹកស៊ីជើងពិបាកទ្រាំពិសេសកុមារតូច ដែលត្រូវដើរទៅសិក្សារៀនសូត្រនៅសាលារៀនរាល់ថ្ងៃនេះ។ ដូចនេះសូមអាជ្ញាធររាជធានីភ្នំពេញ មេត្តាចុះមកពិនិត្យមើលតាមការគួរផងចុះ៕
