បង្កើតគណៈកម្មការសម្របសម្រួល ដោះស្រាយវិវាទ របស់អ្នកសារព័ត៌មាន
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានចេញសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទ របស់អ្នកសារព័ត៌មាន ដែលមានលោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។
បើតាមសេចក្តីសម្រេច នៅថ្ងៃទី៦ខែកុម្ភៈនេះ គណៈកម្មការនេះមានភារកិច្ចដូចតទៅ៖ សម្របសម្រួលវិវាទរបស់អ្នកសារព័ត៌មាន បានចុះបញ្ជីនៅក្រសួងព័ត៌មាន ដែលត្រូវទទួលរងការប្តឹងតវ៉ា ពីភាគីពាក់ព័ន្ធក្នុងពេលបំពេញវិជ្ជាជីវៈ។ ទទួលពាក្យបណ្តឹងរបស់អ្នកសារព័ត៌មាន ដែលមានវិវាទក្នុងពេលបំពេញវិជ្ជាជីវៈ។ ពិនិត្យ សិក្សាអំពីអង្គហេតុ និងអង្គច្បាប់ លើបណ្តឹងនីមួយៗ ជូនថ្នាក់ដឹកនាំសម្រេច។ ពិនិត្យយយោបល់ ដើម្បីពិភាគ្សាអំពីព្យសនកម្ម ដែលអាចកើតមានជាយថាហេតុ មុននឹងចេញផ្សាយអត្ថបទព័ត៌មាន ទាក់ទងនឹងបញ្ហារសើប។ សម្របសម្រួលក្នុងការបញ្ជូនពាក្យបណ្តឹងរបស់ អ្នកសារព័ត៌មានវិជ្ជាជីវៈ ទៅក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន។ តាមដានការអនុវត្តនីតិវិធីបណ្តឹងនីមួយៗ តាំងពីដើមរហូតបញ្ចប់ ។ ធ្វើរបាយការណ៍៍ជាទៀងទាត់ជូនថ្នាក់ដឹកនាំ៕