ដើរធ្វើលូ បែបរកលុយមិនសូវបាន បែកគំនិតលួចកាបូប ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌប្ញស្សី
ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ក្រោមបទបញ្ជារបស់លោក ហ៊ាង ថារ៉េត អធិការខណ្ឌ កម្លាំងល្បាតប៉ុស្តិ៍បឹងសាឡាង បានបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាបូបរបស់នារីម្នាក់ ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៩:៣០នាទី នៅចំណុចផ្លូវខាងសារិន ក្រុមទី៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះឈ្មោះ ម៉ាត់ លីដា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យឈ្មោះ រ៉ែម សុខសាន្ត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករធ្វើលូ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូត ៖ ១ម៉ូតូមួយគ្រឿងម៉ាក SUKUKI Let’s ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CC-7660 (មធ្យោបាយរបស់ជនសង្ស័យ) ។ ២ថង់ក្រណាត់មួយ ក្នុងនោះមានលេលាបស្បែក ក្រេម ម្ស៉ៅ និងគ្រឿងតុបតែងខ្លួនមួយចំនួន និងប្រគល់ជូនជនរងគ្រោះ ។
បើតាមការរៀបរាប់របស់ម្ចាស់កាបូប បាននិយាយថា នៅថ្ងៃ ខែ ឆ្នាំខាងលើ គាត់បានជិះម៉ូតូមកកក់សក់ ពេលមកដល់ក៏ឈប់ម៉ូតូរួចដោះកាបូប ដាក់លើម៉ូតូជនសង្ស័យបានជិះម៉ូតូ មកឃើញក៏ឈប់រួចចុះធ្វើសកម្មភាព លួចយកកាបូបតែត្រូវម្ចាស់ឃើញក៏បានស្រែក រួចកម្លាំងល្បាតរបស់យើងបានធ្វើអន្តរាគមន៍ឃាត់ជនសង្ស័យបាន។
ចំពោះមុខអធិការដ្ឋានបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕