បង្រ្កាបទីតាំងសង្វៀនជល់មាន់នៅជាប់ព្រំប្រទល់ខ្មែរ ឡាវ និងថៃ ចាប់បានតែមាន់ជល់ ម៉ូតូ រថយន្ត ឯអ្នកភ្នាល់រត់បាត់អស់
ព្រះវិហារ ៖ សមត្ថកិច្ចនគរបាល នៃស្នងការនគបាលខេត្តព្រះវិហារ បានចុះបង្រ្កាបសង្វៀនជល់មាន់មួយកន្លែង នៅថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិដែកជះ ឃុំមរដក ស្រុកជុំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច បង្រ្កាបទីតាំងសង្វៀនជល់មាន់នៅជាប់ព្រំប្រទល់ខ្មែរ ឡាវ និងថៃ ចាប់បានតែមាន់ជល់ ម៉ូតូ រថយន្ត ឯអ្នកភ្នាល់រត់បាត់អស់។
លោកឧត្តមសេនីយ៍ត្រី កែវ ចំរើន ស្នងការរងទទួលបន្ទុកព្រហ្ម បានឲ្យដឹងថា ក្នុងការចុះបង្រ្កាបសង្វៀនជល់មាន់នេះ ចុះទៅបង្រ្កាបចាប់ពីថ្ងៃទី៦កុម្ភៈ រហូតមកដល់ថ្ងៃទី ៧កុម្ភៈ ឆ្នាំ២០២០ ទើបសមត្ថកិច្ចប្រមូលវត្ថុតាងមកដល់ស្នងការនគបាលខេត្ត ដោយតំបន់នោះជាតំបន់កណ្តាល ហើយនៅឆ្ងាយពីស្រុកតំបន់នោះ នៅជាប់ព្រំប្រទល់ខ្មែរ ឡាវ និងថៃ។
លោកបានបន្តទៀតថា ការចុះបង្រ្កាបនេះ គិតគូរអំពីសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាល។ ចំពោះវត្ថុតាង សមត្ថកិច្ចរឹបអូសបានម៉ូតូចំនួន១៣គ្រឿង និងរថយន្ត១២គ្រឿង មាន់ជល់ចំនួន៣០ក្បាល និងសម្ភារមួយចំនួន ចំពោះវត្ថុតាងទាំងអស់នេះ កម្លាំងស្នងការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕