ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំរីឈ្មោលជំទង់មួយក្បាល បានធ្លាក់ចូលក្នុងរណ្តៅជ្រៅ ត្រូវបានជួយសង្រ្គោះ

224

មណ្ឌលគិរីថ្ងៃ១១កុម្ភៈ២០២០ដំរីឈ្មោលជំទង់មួយក្បាលអាយុប្រហែល២០ឆ្នាំបានធ្លាក់ចូលក្នុងរណ្តៅជ្រៅមួយស្ថិតនៅតំបន់ទីវាលនិងឫស្សីក្នុងភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។ទីតាំងកើតហេតុនោះស្ថិតនៅតាមព្រំប្រទល់រវាងដែនជម្រកសត្វព្រៃកែវសីមានិងអតីតដែនជម្រកសត្វព្រៃស្នួលដែលបានទទួលរងការកាប់បំផ្លាញកាលពីជាង១០ឆ្នាំមុន។

ពលរដ្ឋម្នាក់រស់នៅភូមិអូរអាមបាននិយាយថាគាត់បានឮសូរសម្លេងដំរីស្រែកខ្លាំងៗស្ថិតនៅចម្ងាយប្រហែល២០០ម៉ែត្រខាងក្រោយផ្ទះរបស់គាត់កាលពីល្ងាចថ្ងៃម្សិលមិញ។នៅព្រឹកបន្ទាប់ម៉ោងប្រហែល៩ព្រឹកគាត់បានដើររកមើលនិងបានប្រទះឃើញដំរីមួយក្បាលកំពុងព្យាយាមឡើងចេញពីរណ្តៅនោះ។បន្ទាប់មកគាត់ក៏ប្រញាប់ជិះម៉ូតូមករាយការណ៍ជូនមន្ត្រីនៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមាអំពីហេតុការណ៍នោះ។ក្រោយពីទទួលបានព័ត៌មាននោះភ្លាមបុគ្គលិកអង្គការWCS មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមានិងអាជ្ញាធរមូលដ្ឋានបានធ្វើចំណាត់ការជាបន្ទាន់ដើម្បីជួយសង្គ្រោះដំរីនោះចេញពីរណ្តៅ។ដោយពិនិត្យឃើញថាដំរីនោះថមថយកម្លាំងខ្លាំងដោយសារខំប្រឹងឡើងចេញពីរណ្តៅនាយកដែនជម្រកសត្វព្រៃកែវសីមាបានស្នើសុំអន្តរាគមន៍ពីក្រុមពន្លត់អគ្គីភ័យខេត្តយកឡានទឹកមួយគ្រឿងមកបាញ់ទឹកដាក់លើដំរីដើម្បីឱ្យវាមានកម្លាំងចំណែកឯក្រុមការងារសង្គ្រោះបានប្រើចបកាប់កាយធ្វើជម្រាលមាត់រណ្តៅដើម្បីឱ្យដំរីងាយស្រួលឡើងចេញ។

ក្រោយពីចំណាយពេលធ្វើជម្រាលអស់រយៈពេលជាងមួយម៉ោងមកដំរីក៏អាចដើរឡើងចេញពីរណ្តៅនិងបានគេចចូលទៅក្នុងព្រៃបាត់ទៅ។

នេះជាលើកទីពីរហើយដែលដំរីព្រៃបានធ្លាក់ចូលក្នុងរណ្តៅជ្រៅនៅជិតភូមិអូរអាម។កាលពីលើកទីមួយក្នុងឆ្នាំ២០១៧មានដំរីចំនួន១១ក្បាលបានធ្លាក់តែត្រូវបានក្រុមការងារជួយសង្គ្រោះបាន។ដើម្បីចៀសវាងកុំឱ្យសត្វព្រៃទាំងអស់ធ្លាក់ចូលក្នុងរណ្តៅដូចនេះទៀតគេគួរតែធ្វើជម្រាលឱ្យទេរបន្តិចពេលសាងសង់ប្រព័ន្ធស្រោចស្រពធំៗដើម្បីងាយស្រួលសត្វអាចឡើងចេញរួច៕

អត្ថបទដែលជាប់ទាក់ទង