រោងចក្រកាត់ដេរនឹងផ្អាកដំណើរការរយៈពេល១ ឬ២ខែ ចាប់ពីចុងខែកុម្ភៈនេះ ដោយសារខ្វះវត្ថុធាតុដើមពីចិន
ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបញ្ជាក់ថា រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមួយចំនួននៅកម្ពុជា នឹងត្រូវផ្អាកដំណើរការរយៈពេល១ ឬ២ខែ ចាប់ពីចុងខែកុម្ភៈនេះ ដោយសារខ្វះវត្ថុធាតុដើមពីចិន។
បើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ GMAC ៖ វត្ថុធាតុដើមបម្រើដល់វិស័យ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា ៦០ភាគរយ ត្រូវបាននាំចូលមកពីប្រទេសចិន។ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមួយចំនួននៅកម្ពុជា នឹងត្រូវផ្អាកដំណើរការរយៈពេល១ ឬ២ខែ ចាប់ពីចុងខែកុម្ភៈនេះ ដោយសារខ្វះវត្ថុធាតុដើមពីចិន ព្រោះតែរោងចក្រផលិតវត្ថុធាតុដើមនៅប្រទេសចិនបានផ្អាក ដោយសារជំងឺរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណា។
បញ្ហាវីរុសកូរ៉ូណា ដែលបានរីករាលដាលនៅក្នុងប្រទេសចិន ធ្វើឲ្យរោងចក្រផលិតវត្ថុធាតុដើម និងក្រុមហ៊ុនផ្តល់សេវាជាច្រើន បានបិទដំណើរការជាបណ្តោះអាសន្ន ហើយប្រហែលជារហូតដល់ចុងខែកុម្ភៈនេះ ទើបអាចចាប់ផ្តើម ដំណើរការឡើងវិញ ដែលបញ្ហានេះនឹងបង្កឱ្យមានផលប៉ះពាល់ចង្វាក់ផ្គត់ផ្គង់ ដល់រោងចក្រនៅកម្ពុជា។
សម្រាប់រោងចក្រមួយចំនួនវត្ថុធាតុដើមនៅក្នុងស្តុក សម្រាប់ផលិតកម្មអាចនឹងអស់ នៅត្រឹមសប្តាហ៍ក្រោយ ឬសប្តាហ៍បន្ទាប់ ហើយការបិទរោងចក្របណ្តោះអាសន្ន នៅប្រទេសចិនអាចនឹងធ្វើឱ្យរោងចក្រមួយចំនួនខ្វះវត្ថុធាតុដើម នៅចុងខែក្រោយនេះ និងក្នុងខែមីនាខាងមុខ។ ប្រឈមនឹងបញ្ហានេះ រោងចក្រគ្មានជម្រើសអ្វីក្រៅពីការផ្អាក ប្រតិបត្តិការផលិតកម្មជាបណ្តោះអាសន្ន ដែលមានរយៈពេញ១ខែពេញ ឬដល់២ខែ។
ការផ្អាកបណ្តោះអាសន្នរយៈពេលខ្លី ដែលអាចរំពឹងទុកថានឹងកើតឡើងក្នុងពេលដ៏ខ្លះខាងមុខនេះ មិនមានអ្វីពាក់ព័ន្ធនឹងដំណើរការ នៃការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA របស់អឺរ៉ុបមកលើប្រទេសកម្ពុជាទេ៕