បងប្អូនប្រជាពលរដ្ឋមិនតិចជាង ២ម៉ឺននាក់ ចាប់ត្រីនៅបឹងក្រម
ត្បូងឃ្មុំ៖ លោកអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា នៅថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ យើងនឹងចាប់ត្រីនៅបឹងក្រម នៅឃុំ ជាំក្រវៀន ស្រុកមេមត់ ចាប់ផ្តើមម៉ោង ៩ ព្រឹក សូមបងប្អូនមេត្តាជ្រាប និងចូលរួមសប្បាយ សប្យាយ ទាំងអស់គ្នា រង្វាន់រង់ចាំបងប្អូន។
ចំណែកបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីគ្រប់ទិសទីចូលរួមចាប់ត្រីប្រចាំឆ្នាំ នៅបឹងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ជាមួយឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ សែនសប្បាយរីករាយក្រៃលែង ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា សូមអរគុណ បង ប្អូន អ្នកខេត្ត និងអ្នកឆ្ងាយដែលបាមចូលរួមចាប់ត្រីមិនតិចជាង ២ម៉ឺននាក់។
សូមបញ្ជាក់ថា ពិធីចាប់ត្រីបែបធម្មជាតិ នៅក្នុងបឹងក្រម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបង្ហាញពីគម្រោងទិញត្រីពូជជាច្រើនប្រភេទបន្ថែមទៀត យកលែងនៅក្នុងបឹងនេះ និងដាំព្រៃលិចទឹកបន្ថែម ដើម្បីបង្កើនបរិមាណត្រីនៅក្នុងបឹងកាន់តែច្រើន ឲ្យប្រជាពលរដ្ឋងាយស្រួលចាប់កម្សាន្ដនៅឆ្នាំក្រោយ។
លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា សម្រាប់ផែនការរដ្ឋបាលខេត្ត ខ្ញុំនឹងឲ្យខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រៀបចំព្រៃលិចទឹកបន្ថែមទៀត និងលែងត្រីបន្ថែមទៀត ដើម្បីឲ្យកន្លែងនេះសម្បូរត្រី នៅពេលដែលដល់រដូវបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ដចាប់ជុំគ្នា។ នៅទីនេះ គឺចាប់បែបធម្មជាតិ អីចឹងមានន័យថា បងប្អូន ដែលគាត់រស់នៅទីប្រជុំជន រស់នៅទីក្រុងភ្នំពេញ ឬក៏រស់នៅកន្លែងផ្សេងៗទៀត ពួកគាត់អាចមកចាប់បានតាមសប្បាយ នៅពេលដែលពិធីចាប់ត្រីបែបធម្មជាតិនេះ ចូលមកដល់។
សូមជម្រាបថា ពិធីចាប់ត្រីនេះមិនត្រឹមតែប្រជាពលរដ្ឋក្នុងតំបន់ប៉ុណ្ណោះទេ ដែលមកចូលរួម សូម្បីប្រជាពលរដ្ឋតំបន់ផ្សេងៗ ឆ្ងាយៗ ក៏មកចូលរួមចាប់ត្រីផងដែរ ដែលធ្វើឲ្យអ្នកចូលរួម ក្នុងការចាប់ត្រីនៅឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំមុនៗ។
បើតាមគណៈកម្មការរៀបចំពិធី បានប្រាប់ឲ្យដឹងថា ពិធីចាប់ត្រីបែបធម្មជាតិនេះ រៀបចំឡើងជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះមានអ្នកចូលរួមច្រើនជាងឆ្នាំមុនៗ។
ពិធីចាប់ត្រីបែបធម្មជាតិនេះ ត្រូវបានរៀបចំឡើងជាយូរលង់ណាស់មកហើយ ដែលជាកេរដំណែលរបស់ដូនតាបន្សល់ទុក គឺឲ្យតែដល់រដូវប្រាំងដាច់ទឹកភ្លៀង បងប្អូនប្រជាពលរដ្ឋ តែងតែនាំគ្នា ប្រារព្ធពិធីចុះចាប់ត្រី តាមបែបធម្មជាតិ៕