រាជរដ្ឋាភិបាល បានធ្វើប្រតិភូកម្មមុខងារ សិទ្ធិអំណាច និងធនធាន ពីថ្នាក់ជាតិ មកឱ្យថ្នាក់ក្រោមជាតិ ដើម្បីអាចផ្ដល់សេវាសាធារណៈ ជូនប្រពលរដ្ឋបានល្អប្រសើរ
បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏បានធ្វើប្រតិភូកម្មមុខងារ សិទ្ធិអំណាច និងធនធាន ពីថ្នាក់ជាតិ មកឱ្យថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលរាជធានីខេត្ត និងក្រុងស្រុកខណ្ឌ កាន់តែមានលទ្ធភាពគ្រប់គ្រាន់ និងប្រកបដោយប្រសិទ្ធភាព និងបានកែសម្រួលរចនាសម្ព័ន្ធក្រុង ស្រុក ខណ្ឌ ដើម្បីធានាថាការិយាល័យជំនាញចំណុះ ក្រុង ស្រុក ខណ្ឌ អាចផ្ដល់សេវាសាធារណៈ ជូនប្រពលរដ្ឋបានល្អប្រសើរ។
នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានញ្ជើ្ជញអធិបតី ពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី V របស់គណបក្សប្រជាជនកម្ពុជា ប្រារព្ធនៅខេត្តបាត់ដំបង។
ជាកិច្ចចាប់ផ្ដើមលោក សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអានសេចក្ដីសង្ខេបរបាយការណ៍ ស្ដីពីសភាណការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៩ និងទិសដៅភារកិច្ចឆ្នាំ២០២០ ហើយលោក ងួន រតនៈ ប្រធានគណៈកម្មាធិការបក្សខេត្តបាត់ដំបង ក៏បានបន្តអានឯកសារជំនួយស្មារតី ស្ដីពីតួនាទីភារកិច្ច និងរបៀបរបបការងារក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន និងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។
បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមមការងារគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើមសម្ដេចបានមានប្រសាសសន៍ អំពីប្រព័ន្ធគ្រប់គ្រងថ្មីនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមានអំណាចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមបែបប្រជាធិបតេយ្យ ដែលមានន័យថាជាកំណែទម្រង់ផ្អែក តាមគោលការណ៍ប្រជាធិបតេយ្យ ដែលតម្រូវឱ្យមានការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ក្រុងស្រុកខណ្ឌ និងរាជធានីខេត្ត។
សម្ដេចបានមានប្រសាសន៍ថា ពេលនេះ ការប្រកាសដាក់ឱ្យអនុវត្តនូវរចនាសម្ព័ន្ធក្រុងស្រុកខណ្ឌ ក៏កំពុងធ្វើឡើងទូទាំងប្រទេស ហើយបន្ទាប់ពីនេះសម្ដេចបានគូសបញ្ជាក់ អំពីការប្រឈមក្នុងការងារនេះ ដែលអាចកើតចេញពីកម្រិតសមត្ថភាព និងលទ្ធភាពនៃការគ្រប់គ្រងចាត់ចែង ការងារក្នុងរចនាសម្ព័ន្ធថ្មី ដោយសម្ដេចបានបន្ថែមថាថ្នាក់រាជធានីខេត្ត ត្រូវតាមដានបញ្ហានេះឱ្យជាប់ ដើម្បីចូលរួមជួយជ្រោមជ្រែងពួកគាត់នៅក្នុងដំណាក់កាលនៃការចាប់ផ្ដើមនេះ។
នៅឆ្នាំ២០២០នេះ សម្ដេចក្រឡាហោមក៏បានទាញចំណាប់អារម្មណ៍អង្គពិធីដែរថា នៅក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តបាត់ដំបងមានការទទួលខុសត្រូវជាងបណ្ដារាជធានី និងខេត្តផ្សេងទៀត ដ្បិតបាត់ដំបង បានក្លាយជាកន្លែងសាកល្បងផ្ទែរមុខងារគ្រប់គ្រងបឋមសិក្សា និងមត្តេយ្យសិក្សាក្នុង និងក្រៅប្រព័ន្ធមកឱ្យក្រុងស្រុក ផ្ទេរទាំងសិទ្ធិអំណាច និងធនធានតែម្ដង ដែលនេះគឺជាការទទួលខុសត្រូវខ្ពស់មួយទាំងជាមួយរាជរដ្ឋាភិបាល និងជាប្រជាជនក្នុងមូលដ្ឋាន។
សម្ដេចក្រឡាហោមក៏បានស្នើដោយសង្កត់ធ្ងន់ថា គណៈអភិបាល និងក្រុមប្រឹក្សាខេត្តក្រុងស្រុក ក្រុមការងារគណបក្សខេត្តក្រុងស្រុក នៃខេត្តបាត់ដំបង ត្រូវរួមគ្នាដើម្បីបំពេញបេសកកម្មនេះ ឱ្យទទួលបានជោគជ័យជាដាច់ខាត សម្រាប់ជាគម្រូដ៏ល្អដល់រាជធានីខេត្តទាំង២៤ផ្សេងទៀត ដែលនឹងត្រូវអនុវត្តការផ្ទេរនេះចាប់ពីឆ្នាំ២០២១តទៅ។
ពាក់ព័ន្ធនឹងការងារកំណែទម្រង់នេះដែរ សម្ដេចបានមានប្រសាសន៍ថា តាំងពីសម័យបុរាណមក មិនដែលមានរបបណាបានផ្ទេរសិទ្ធិអំណាច និងធនធានមកឱ្យរដ្ឋបាលឃុំសង្កាត់ដូចបច្ចុប្បន្ននេះទេ ដូច្នេះតាមរយៈក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាតំណាងប្រជាពលរដ្ឋក្នុងមូលដ្ឋាន រាជរដ្ឋាភិបាលបានផ្ទេរធនធានមក ឱ្យឃុំសង្កាត់ប្រើប្រាស់ទៅតាមសេចក្ដីត្រូវការចាំបាច់របស់ពលរដ្ឋ ហើយពេលនេះថវិការួមដែលទម្លាក់មកឃុំសង្កាត់ គឺមានប្រមាណជាង១០ម៉ឺនដុល្លារឯណោះក្នុងមួយឆ្នាំ។
ជាមួយគ្នានេះសម្ដេចបានណែនាំថ្នាក់ដឹកនាំបក្សខេត្ត ក្រុង ស្រុក ត្រូវផ្ដោតការយកចិត្តទុកដាក់ ចាប់ពីពេលនេះតទៅ នូវការដាក់បញ្ចូលបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់ ដែលមានចំណេះដឹង និងសមត្ថភាពសមស្រប ដើម្បីឱ្យការប្រើប្រាស់ថវិកាដើម្បីអភិវឌ្ឍន៍មូលដ្ឋាន និងបម្រើសេចក្ដីត្រូវការពលរដ្ឋកាន់មានប្រសិទ្ធភាព ហើយទន្ទឹមនឹងនេះ សម្ដេចក៏បានអំពាវនាវក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងទាំងអស់ត្រូវបង្កើនការពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដែរ។
នៅក្នុងឱកាសនៃពិធីផ្សព្វផ្សាយនេះដែរ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ជាថ្មីទៀត អំពីមូលដ្ឋាននៃការកសាង និងពង្រឹងកម្លាំងនយោបាយរបស់គណបក្ស គឺការធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដែលអំពើល្អនេះត្រូវបានសម្ដេចផ្ដល់ការពន្យល់បន្ថែមថា មិនមែនជាការជួយរែកទឹកដាក់ពាងពលរដ្ឋ ឬត្រឹមតែការដើរសំពះពលរដ្ឋនោះទេ ប៉ុន្តែអំពើល្អនៅទីនេះគឺការមិនបំពានសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ការពារប្រយោជន៍សាធារណៈ និងប្រឆាំងអយុត្តិធម៌ក្នុងសង្គម។
បន្ទាប់មក សម្ដេចក៏បានមានប្រសាសន៍ថា ការរៀបចំពិធីផ្សព្វផ្សាយនៅថ្ងៃនេះ គឺដើម្បីឱ្យអង្គពិធីអាចក្ដាប់បាននូវសភាពការណ៍រួម ចំណុចខ្លាំងចំណុចខ្សោយក្នុរយៈពេលមួយឆ្នាំកន្លងទៅ ព្រមទាំងទិសដៅអនុវត្តបន្តរយៈពេល៦ខែ ឬមួយឆ្នាំបន្ទាប់៕