ស្រ្តីជនជាតិអាមេរិកម្នាក់ ត្រូវម៉ាឡេស៊ី រកឃើញជំងឺខូវីត១៩ក្រោយចាកចេញពីនាវាWESTERDAM , កម្ពុជាស្នើសុំឲ្យម៉ាឡេស៊ីពិនិត្យឡើងវិញ
ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា ស្នើឲ្យអាជ្ញាធរម៉ាឡេស៊ីពិនិត្យឡើងវិញចំពោះលទ្ធផលធ្វើតេស្ដថារកឃើញវីរុសកូរ៉ូណាថ្មីCovid-19 លើជនជាតិអាមេរិកាំងម្នាក់ក្រោយពីបានចាកចេញពីនាវាខ្នាតធំដែលចូលសំចតនៅកម្ពុជាហើយធ្វើដំណើរតាមយន្តហោះទៅម៉ាឡេស៊ី។
នៅយប់ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០នេះក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសផ្លូវការមួយស្តីពីករណីអាជ្ញាធរម៉ាឡេស៊ីរកឃើញលើស្រ្តីម្នាក់ជនជាតិអាមេរិកាំងបានចាកចេញពីនាវាWESTERDAM ដែលបានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុប្រទេសកម្ពុជា។
ករណីនេះក្រសួងសុខាភិបាលកម្ពុជាស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ីពិនិត្យឡើងវិញអំពីលទ្ធផលនៃការធ្វើតេស្តនេះឲ្យមានភាពសុក្រឹតឡើងវិញ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថាករណីនេះមុនការចាកចេញរបស់បុគ្គលរូបនេះក៏ដូចជាអ្នកទេសចរដទៃទៀតពីនាវាខ្នាតធំWESTERDAM ក្រសួងសុខាភិបាលបានពិនិត្យយ៉ាងល្អិតល្អន់និងបានធ្វើការជាមួអង្គការសុខភាពពិភពលោកព្រមទាំងអង្គការUSCDC របស់អាមេរិកហើយយើងបានអនុវត្តតាមស្តង់ដាបច្ចេកទេសនិងនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ២០០៥(HR2005) របស់អង្គការសុខភាពពិភពលោក។
ចំពោះករណីដែលបានប្រកាសដោយអាជ្ញាធរម៉ាឡេស៊ីនូវភាពវិជ្ជមានCovid-19 នៅប្រទេសម៉ាឡេស៊ីខាងលើនេះក្រសូងសុខាភិបាលកម្ពុជាស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ីពិនិត្យឡើងវិញអំពីលទ្ធផលនៃការធ្វើតេស្តនេះឲ្យមានភាពសុក្រឹតឡើងវិញ៕